បណ្តាញសង្គម

ឆ្នាំ​២០២២ ទំហំ​ទឹកប្រាក់ នៃ​ការនាំចេញ​នាំចូល របស់​សហគ្រាស នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ សម្រេចបាន​ជិត ១.៤០០ លាន​ដុល្លារ​

ភ្នំពេញ៖ បន្ទាប់ពីមានការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានខិតខំធ្វើការទប់ស្កាត់ផង និងបានធានានូវ សង្វាក់ផលិតកម្មផង។

នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាស មកពីអឺរ៉ុប អាមេរិក ចិន និង អាស៊ីអាគ្នេយ៍ សរុបចំនួន ១៧០ ហើយបានបង្កើតឱកាសការងារ ជិត ៣០.០០០ កន្លែង។

សម្រាប់ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់ សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្រេចបាន ១.៣៧៤ លានដុល្លារអាមេរិក បានកើនឡើង ៣៨,២៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

ភាពរីកចម្រើនទាំងនេះ ក៏មានការគាំទ្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្ត ចំពោះអ្នកវិនិយោគ ដែលបានមកបណ្តាក់ទុន នៅក្នុងប្រទេសកម្ពុជា។

លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់បែបនេះ ក្នុងឱកាសលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យរូបលោក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សីន

(តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងដំណើរការ វិនិយោគ និងវឌ្ឍនភាព របស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ។

លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលបានខិតខំរក្សាការវិនិយោគ ថែមទាំងបានពង្រីកអាជីវកម្ម របស់ខ្លួនបន្ថែមទៀត បើទោះបីស្ថិតក្នុងស្ថានភាពលំបាក នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ពីរឆ្នាំនេះ យ៉ាងណាក្តី។

ការរក្សាបាននូវភាពរឹងមាំ នៃការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនងមិត្តភាព រវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន ។

វាក៏ជាផ្នែកមួយ នៃគម្រោងខ្សែច្រវាក់ និងផ្លូវបានផ្តល់កំណើនសេដ្ឋកិច្ច យ៉ាងច្រើនដល់កម្ពុជា។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍ នៅខេត្តព្រះសីហនុ ចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។

គម្រោងផ្លូវល្បឿនលឿន ក៏ស្នូរនៃការអភិវឌ្ឍ ដោយមានការរួមចំណែកពី រដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរ ឲ្យបានឆាប់រហ័សផងដែរ។លោករដ្ឋមន្ត្រី ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ក្រុមហ៊ុននេះ នៅប្រទេសចិន

ដោយបានស្នើសុំទៅស្ថាបនិកក្រុមហ៊ុន បន្តការវិនិយោគ មកកាន់កម្ពុជា ឲ្យមានភាពសម្បូរបែប ដែលបង្កលក្ខណៈឲ្យពលរដ្ឋកម្ពុជា ទទួលបានការងារថ្មីៗ កាន់តែច្រើន។

លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានលើកឡើងថាៈ ដោយមានគោលនយោបាយ ល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុន នឹងបង្កើតរោងចក្រផលិតកង់កៅស៊ូ រថយន្តដ៏ធំមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលមានទុនវិនិយោគ រហូតដល់ជាង ៣០០ លានដុល្លារ។

លោកប្រធាន បានបញ្ជាក់ថាៈ កាលពីខែមិថុនា ឆ្នាំ២០២២ ខាងក្រុមហ៊ុន មានរៀបចំពិព័រណ៍ ផ្លូវសូត្រពាណិជ្ជកម្ម ដោយក្នុងនោះ ប្រទេសចិន នឹងទទួលយកកសិផល មួយចំនួនរបស់កម្ពុជា ទៅកាន់ប្រទេសចិន ជាមួយនឹងនេះ ក្រុមហ៊ុនបានសហការជាមួយ ក្រសួងសុខាភិបាល

និងមន្ទីរការងារ និងបណ្តុះបណ្តោះវិជ្ជាជីវៈខេត្តព្រះសីហនុ ផ្តល់សេវាថែមទាំសុខភាព ជាពិសេស សម្រាប់បងប្អូនកម្មការិនី មានផ្ទៃពោះ ព្រមទាំងបានសាងសង់ អាគារស្នាក់នៅ បង្កលក្ខណៈងាយស្រួល ជូនដល់កម្មករ និយោជិត ដែលធ្វើការនៅក្នុងតំបន់នេះថែមទៀត។ជុំវិញបញ្ហានេះ លោក អ៊ិត សំហេង រំពឹងថា

ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្ត ដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាកសិករខ្មែរ ដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្ម រាប់ពាន់នាក់ បន្ថែមទៀត ដែលជាតម្រូវការ សម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្ម បន្ថែមរបស់ក្រុមហ៊ុន។

លោករីករាយចំពោះការយកចិត្តទុកដាក់ ពីសំណាក់ក្រុមហ៊ុន មកលើបងប្អូនកម្មករ និយោជិត ដែលជាសុខដុមរមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈដ៏ល្អមួយ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាៈ ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី កម្ពុជា-ចិន កាន់តែងាយស្រួល ក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើន រវាងប្រទេសទាំងពីរ និងការពង្រីកខ្លួន

យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការ កម្លាំងពលកម្មច្រើន បន្ថែមទៀត ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុន ឲ្យបន្តកិច្ចសហការជាមួយ ខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យ

មានការបណ្តុះបណ្តាលមួយ ដែលមានគុណភាព ដោយសហការជាមួយ សកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញ តម្រូវការ របស់ក្រុមហ៊ុនផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា