បណ្តាញសង្គម

ប្រធានរដ្ឋសភាកម្ពុជា អនុញ្ញាតឱ្យ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក ដុ វ៉ាន់ចៀន (Do VanChien) លេខាមជ្ឈិមបក្ស

និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

នាឱកាសនេះដែរ លោក ដុ វ៉ាន់ចៀន បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាពេលកន្លងមកនេះ។

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ពី កិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។

លោក ដុ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ពីការរីកចម្រើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាបងប្អូននៃប្រទេស ទំាងពីរ ដែលមានការរីកចម្រើនជាលំដាប់ទោះបីនៅក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ជាសកលនេះយ៉ាងណាក្តី។

លោកបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារនៅឆ្នាំ២០២១ និងសង្ឃឹមថា នៅឆ្នាំ២០២២នេះ នឹងសម្រេចបាន១២ពាន់លានដុល្លារ។

ជាមួយគ្នានេះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកវត្តមានរបស់គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាម នាពេលនេះ បង្ហាញពីការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ពិសេសរវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និងរណសិរ្សមាតុភូមិវៀតណាម ឲ្យកាន់តែល្អប្រសើរថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងវៀតណាម ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជន ជាច្រើនជំនាន់រួមគ្នាពូនជ្រុំ និងកសាងជាបន្តបន្ទាប់ ដើម្បីតម្កល់ទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង។

នៅក្នុងរយៈពេលជាង៥ទសវត្សរ៍មកនេះ ប្រទេសទាំងពីរសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពី ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងរដ្ឋាភិបាលប្រទេសទាំងពីរ

កម្ពុជា-វៀតណាម។ បន្ថែមពីនេះទៀត សម្តេចពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងប្រសើរលើ គ្រប់វិស័យ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង មានជាអាទិ៍ ការសម្រេចបានកំណើននៃពាណិជ្ជកម្មទ្វេភាគីគួរឲ្យកត់សម្គាល់ ហើយថ្មីៗនេះ

ប្រទេសទាំងពីរបានសហការគ្នា យ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ផ្តើមសកម្មភាព សេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចពញាចក្រី ហេង សំរិន បានសម្តែងនូវការអបអរសារទរចំពោះ ការសម្រេចបាននូវអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ សម្រាប់ដំណាក់កាលឆ្នាំ២០២០-២០២៣។

សម្តេចមានសុទិដ្ឋិនិយមថា កម្ពុជា-វៀតណាម នឹងបន្តអនុវត្តអនុស្សរណៈ នៃការយោគយល់នេះ ឱ្យក្លាយទៅជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិ ទំាងសងខាង៕

ដកស្រង់ពី៖ Fresh News