បណ្តាញសង្គម

ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ចេញញត្តិគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ ជាបន្តបន្ទាប់

ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ គណបក្សនយោបាយ វិស័យឯកជន អង្គការ សមាគម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចេញសេចក្ដីថ្លែងការណ៍ និងញត្តិគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ។

គួររំលឹកថា សមាជិករដ្ឋសភាចំនួន ១០៥លើ ១០៦សំឡេង កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ បានអនុម័តទាំងស្រុង ទៅលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២

ថ្មី មាត្រា ១១៩ ថ្មី (មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ ថ្មី និងមាត្រា ៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

បន្ទាប់ពីរដ្ឋសភា បានអនុម័តរួចហើយ មានក្រសួង-ស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត គណបក្សនយោបាយ វិស័យឯកជន អង្គការ សមាគម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចេញសេចក្ដីថ្លែងការណ៍ និងញត្តិគាំទ្រជាបន្តបន្ទាប់ ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ និងញត្តិគាំទ្រទាំងនោះ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ បានធ្វើឡើងយ៉ាងត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីធានាឲ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា កាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដាកន្លងទៅនេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នាពេលនេះ

គឺមិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយមប៉ុណ្ណោះទេ

តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាច ហើយធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស មានកិច្ចដំណើរការទៅដោយរលូន

និងមិនមានការរាំងស្ទះ ជាពិសេសការបំពេញបាននូវចន្លោះខ្វះខាត នៃរដ្ឋធម្មនុញ្ញ និងការធានាឲ្យស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិ មានកិច្ចដំណើរការទៅដោយរលូន មិនជាប់គាំង ប្រកបដោយនិរន្តភាព នៅគ្រប់កាលៈទេសៈ៕

ដកស្រង់ពី៖ កម្ពុជាថ្មី