បណ្តាញសង្គម

រដ្ឋមន្រ្តីការបរទេសកាតា ប្ដេជ្ញាចិត្តជំរុញឲ្យមានគណៈប្រតិភូធុរកិច្ចមកប្រទេសកម្ពុជា នាពេលខាងមុខ

មន្ត្រីជាន់ខ្ពស់នៃប្រទេសកាតា បានប្ដេជ្ញាចិត្តជំរុញឲ្យមានគណៈប្រតិភូធុរកិច្ចមកប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីជួបពិភាក្សាជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច រវាងប្រទេសទាំងពីរ។

ការប្ដេជ្ញានេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ បានអនុញ្ញាតឲ្យលោក Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី

និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកាតា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសកាតា និងគណៈប្រតិភូដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ។

សម្ដេចតេជោ បានលើកឡើងថា បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-កាតា មានភាពល្អប្រសើរទៅមុខ ហើយទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនាពេលនេះ

នឹងរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពង្រីកទំនាក់ទំនងរវាងប្រទេសកាតា និងប្រទេសអាស៊ានផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា បានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍រូបលោក ក៏ដូចជាការទទួលជួបសម្ដែងការគួរសមនាពេលនេះ។

លោកក៏បានអបអរសាទរនូវភាពជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ឧបនាយករដ្ឋមន្ត្រីកាតា បានលើកឡើងបន្តថា នេះគឺជាឱកាសដ៏ល្អ ដែលលោកបានមកប្រទេសកម្ពុជានាពេលនេះ ហើយលោកពិតជាចង់ឃើញនូវដំណើរការវិវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងកាតា-កម្ពុជា ចាប់ផ្ដើមមានភាពល្អប្រសើរ ហើយប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលអាចសហការគ្នា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច។

លោកថា បច្ចុប្បន្នកាតា-កម្ពុជា មានកិច្ចសហប្រតិបត្តិការគ្នាខ្លះហើយ លើវិស័យអប់រំ ហើយនឹងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀតនៅពេលខាងមុខ។

លោក Sheikh Mohammed bin Abdulrahman al-Thani បានជម្រាបសម្ដេចតេជោថា លោកបានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួចហើយ។

ក្នុងជំនួបនោះ អ្វីដែលលោកចាប់អារម្មណ៍ គឺប្រទេសកាតា អាចមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាទៅ លើវិស័យទេសចរណ៍ និងការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ។

លោកបានប្ដេជ្ញាចិត្តថា នឹងជំរុញឲ្យមានគណៈប្រតិភូធុរកិច្ចមកប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីជួបពិភាក្សាជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ចនេះតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ដែលប្រទេសកាតាបានយកចិត្តទុកដាក់ចំពោះអាស៊ាន ក៏ដូចជាចំពោះប្រទេសកម្ពុជា និងពិតជារីករាយដែលលោកបានជួបជាមួយលោក ប្រាក់ សុខុន ក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការនេះផងដែរ។

សម្ដេចតេជោ មានក្តីសង្ឃឹមថា ប្រទេសកាតា នឹងទទួលបានភាពជោគជ័យក្នុងការរៀប Word Cup នៅចុងឆ្នាំ ២០២២នេះ ពីព្រោះប្រទេសកត្តាជាអ្នករៀបចំព្រឹត្តិការណ៍ World Cup នេះតែម្ដង។

សម្ដេចតេជោ បានបន្ថែមថា ប្រទេសទាំងពីរ គឺនៅមានសក្កានុពលជាច្រើន ដែលអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នាបាននាពេលខាងមុខ។

ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសកាតាពិតជាមានភាពរឹងមាំ ជាពិសេសប្រទេសកាតា គឺមានសមត្ថភាពក្នុងការពង្រឹងជើងហោះហើរ ហើយប្រទេសកាតា គឺមានភូមិសាស្រ្តនៅមជ្ឈិមបូព៌ា ដែលអាចធ្វើការហោះហើរមកកម្ពុជាដោយផ្ទាល់បាន។

សម្ដេចតេជោ បានមានប្រសាសន៍ថា មុនវិបត្តិជំងឺកូវីដ-១៩ កម្ពុជាមានទេសចរបរទេសប្រមាណជាង ៦ លាន ៦សែននាក់ តែពេលនេះធ្លាក់មកដល់ត្រឹមជិត ១លាននាក់ប៉ុណ្ណោះ។ សម្ដេចតេជោបញ្ជាក់ថាគោលដៅកម្ពុជា គឺចង់ទទួលបានភ្ញៀវទេសចរប្រមាណជា ១៥លាននាក់ ឯណ្ណោះ។

សម្ដេចតេជោបានមានប្រសាសន៍ថា ពេលនេះកម្ពុជាមានការលើកលែងនូវលក្ខខណ្ឌជាច្រើន ដើម្បីឲ្យភ្ញៀវទេសចរមកកាន់កម្ពុជា។

សម្តេចតេជោ បានលើកឡើងទៀតថា ប្រទេសកាតាអាចគាំទ្រ ជាពិសេសធ្វើឲ្យមានជំនួបរវាងអ្នកធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដូចជាអោយអ្នកធុរកិច្ចនៃប្រទេសទាំងពីរ អាចចូលរួមក្នុងការតាំងពិព័រណ៍ ពាណិជ្ជកម្មក្នុងខែ ១២ ចុងឆ្នាំនេះផងដែរ ធ្វើយ៉ាងណាជំរុញផ្នែកធុរកិច្ច និងធុរកិច្ចឲ្យមានទំនាក់ទំនងគ្នា។

សម្តេចតេជោ ក៏បានលើកទឹកចិត្តឲ្យប្រទេសកាតា ជំរុញដល់វិស័យឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជននៅប្រទេសកម្ពុជា។

សម្ដេចចង់ឃើញអ្នកវិនិយោគប្រទេសកាតា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង។

សម្ដេចតេជោជំរុញឲ្យប្រទេសកាតា អាចមកវិនិយោគលើវិស័យនេះ ហើយធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

លោករដ្ឋមន្ត្រីការបរទេសកាតា បានថ្លែងអរគុណចំពោះសម្ដេចតេជោ ចំពោះអនុសាសន៍ដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនង ក៏ដូចជាការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ។

លោកសន្យាថា លោកនឹងបញ្ជូនអ្នកធុរកិច្ចពីប្រទេសកាតាមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជា វិនិយោគទៅលើវិស័យអ្វី ដែលប្រទេសទាំងពីរអាចសហការគ្នាបាន។

លោកក៏បានសន្យាថា នឹងជំរុញឲ្យមានការហោះហើរឡើងវិញ តភ្ជាប់រវាងកម្ពុជា និងប្រទេសកាតាផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ភាពល្អប្រសើរផងដែរនៅពេលខាងមុខ៕

ដកស្រង់ពី៖ កម្ពុជាថ្មី