បណ្តាញសង្គម

រដ្ឋមន្ត្រីការងារណែនាំពលករខ្មែរធ្វើការនៅថៃ ត្រូវថែទាំសុខភាព និងចូលរួមគោរពច្បាប់

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានណែនាំដល់ពលករខ្មែរធ្វើការនៅប្រទេសថៃបន្តថែទាំសុខភាព ដោយប្រកាន់ខ្ជាប់នូវវិធានការពារពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវចូលរួមគោរពច្បាប់របស់ប្រទេសគេឱ្យបានល្អ ជៀសវាងបង្កបញ្ហាផ្សេងៗដែលធ្វើឱ្យមានទោសទណ្ឌដល់ខ្លួន។

លោករដ្ឋមន្ត្រីបានណែនាំបែបនេះ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូរបស់ក្រសួង អមដោយលោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរ

ដែលកំពុងធ្វើការនៅក្នុងរោងចក្រ CPF ស្ថិតនៅក្នុងខេត្តនគរាជសីមា ប្រទេសថៃ នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២។នាឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនពលកររបស់យើងដែលបានកំពុងធ្វើការនៅបរទេស។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុន CPF ដែលបានផ្តល់ឱកាសការងារ ជូនដល់ពលករកម្ពុជា ឱ្យបានបម្រើការងារនៅក្រុមហ៊ុន ទទួលបានប្រាក់ឈ្នួល ការស្នាក់នៅ និងហូបចុកបានយ៉ាងសមរម្យ ថែមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់ពលករកម្ពុជាបានយ៉ាងល្អប្រសើរផងដែរ។

ទន្ទឹងនឹងនេះ លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះបងប្អូនពលករខ្មែរ ដែលមានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកប្រាក់កម្រៃចិញ្ចឹមគ្រួសារ

ជាការចូលរួមចំណែក រកចំណូលជូនជាតិ ដែលពលករខ្មែរនៅថៃមានចំនួន ១,២ លាននាក់ ម្នាក់ៗក្នុងមួយខែបានផ្ញើប្រាក់ទៅផ្ទះរាប់រយដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ជីវភាព ហើយបើគិត ១ឆ្នាំ បងប្អូនពលករយើងបានផ្ញើលុយទៅក្រុមគ្រួសារ ប្រមាណរាប់សិបលានដុល្លារអាមេរិក និងនៅពេលបងប្អូន វិលត្រឡប់ទៅប្រទេសកំណើតនឹងមានចំណេះ និងជំនាញការងារ មកអភិវឌ្ឍប្រទេសផងដែរ។

លោករដ្ឋមន្ត្រីបានលើកឡើងពីគណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានបើកយុទ្ធនាការផ្ដល់ភាពស្របច្បាប់ ជូនបងប្អូនពលករដោយផ្ដល់លិខិតធ្វើដំណើរ TD និងចេញប័ណ្ណ OCWC និងឯកសារផ្សេងទៀតដែលធានាបាននូវភាពស្របច្បាប់ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

ជារួមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជានិច្ចជាកាល បានផ្ដល់នូវការគាំពារគ្រប់បែបយ៉ាងជូនដល់បងប្អូនពលករ និងក្រុមគ្រួសារ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកថ្មីៗនេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់បំផុត ដែលក្នុងនោះក៏មានពលករ

និងក្រុមគ្រួសាររបស់បងប្អូន បានទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សបញ្ជាក់ពីការបន្តគោរព ស្រឡាញ់ គាំទ្រ និងជឿជាក់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

គួរបញ្ជាក់ថា រោងចក្រ CPF មានទីតាំងនៅខេត្តនគររាជសីមា ប្រទេសថៃ មានពលករទាំងអស់សរុបចំនួន ៨ ៣៥២ នាក់ ក្នុងនោះ ពលករកម្ពុជា មានចំនួន ២ ២៧៥ នាក់ ស្រី ១ ០៩៧ នាក់៕

ដកស្រង់ពី៖ កម្ពុជាថ្មី