បណ្តាញសង្គម

ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​កិច្ចការ​វប្បធម៌ និង​វិចិត្រសិល្បៈ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរ​ទិវា​អាស៊ាន លើក​ទី​៥៥

ភ្នំពេញ: លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអាស៊ានលើកទី៥៥ នៅសាលសន្នីសីទចតុម្មុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងស្ថាប័ន ឧត្តមមន្ត្រីផ្នែកវប្បធម៌ និងសិល្ប: អង្គទូត នៃបណ្តាប្រទេស ជាសមាជិកអាស៊ាន និងដៃគូសន្ទនា មន្ត្រីជាន់ខ្ពស់ សាលាភូមិន្ទរដ្ឋបាល ព្រមទាំងសិស្ស និងនិស្សិតជាច្រើននាក់ថែមទៀត។

លោកស្រី បណ្ឌិតសភាចារ្យ បានបញ្ជាក់ថាៈ ពិធីនេះ រៀបចំឡើងក្នុងគោលបំណង សាមគ្គីភាព សហគមន៍តែមួយជោគវាសនារួម តាមរយៈ កាពង្រីក ការផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការសហគមន៍ ទាំងមានបញ្ហាសេដ្ឋកិច្ចនយោបាយ សន្តិសុខសង្គម វប្បធម៌ ។

លោកស្រី បានបង្ហាញពីមោទនភាព ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ ហើយកម្ពុជា ប្តេជ្ញាដឹកនាំកិច្ចប្រជុំអាស៊ាន ក្រោមប្រធានបទ «អាស៊ានរួមគ្នា ធ្វើដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា» សម្រាប់ការផ្សះផ្សា សន្តិភាព

និងភាពចម្រុងចម្រើន នៅក្នុងតំបន់ទាំងមូល ឱ្យទទួលបានជោគជ័យ។

លោកស្រី បណ្ឌិតសាស្ត្រាចារ្យ បានបន្តថាៈ ប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានកំណត់ គោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីការពារ និងរក្សាកេរ្តិ៍ដំណែល វប្បធម៌ ដ៏សម្បូរបែប និងឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានោះយើង ក៏មានកិច្ចការសំខាន់ផ្សេងទៀត ដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រឹងមាំក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងវិស័យវប្បធម៌ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីឈាន ដល់គោលដៅសម្រេចឱ្យបាន នូវសហគមន៍អាស៊ានសង្គម-វប្បធម៌ ឆ្នាំ២០២៥។

ក្នុងក្របខ័ណ្ឌរបស់រដ្ឋមន្ត្រីអាស៊ាន ដែលទទួលបន្ទុកផ្នែកវប្បធម៌ និងវិចិត្រសិល្បៈ យើងត្រូវតែរួមគ្នា ដោះស្រាយបញ្ហានានា ជាពិសេសការទទួលឥទ្ធិពល បច្ចុប្បន្នរបស់ កូវីដ-១៩ ដើម្បីស្វែងរកផ្លូវ សម្រាប់វិស័យវប្បធម៌ ដើម្បីឈានទៅមុខក្នុងលក្ខណៈដ៏រស់រវើក និងមានភាពស្វាហាប់ជាងមុន។

លោកស្រីរដ្ឋមន្ត្រី សង្ឃឹមថាៈ ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែជាការប្រារព្ធពិធីនៃវប្បធម៌ ប៉ុណ្ណោះទេ ប៉ុន្តែ នឹងពង្រឹងចំណងមិត្តភាពមិត្តភាព វប្បធម៌ ទំនៀមទំលាប់ ដែលអនុញ្ញាត ឲ្យយើងផ្លាស់ប្តូរគំនិត និងរៀនសូត្រពីគ្នាទៅវិញទៅមក ដោយអនុលោមទៅតាមស្មារតី អាស៊ាន៖ “ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។

ពិធីអបអរសាទរទិវាអាស៊ានលើកទី៥៥ នេះ មានរៀបចំជាកម្មវិធីសំនួរចម្លើយ ចំណេះដឹងពីអាស៊ាន, ការសម្តែងទស្សនីយភាពរបាំអាស៊ាន ការសម្តែងនិងប្រគំ ជូនចម្រៀងអាស៊ាន, ពិព័រណ៍រូបថតសមិទ្ធផល ក្នុងក្របខណ្ឌអាស៊ានផ្នែកវប្បធម៌ និងសិល្បៈជាដើម។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បង្កើតឡើង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយ ៥ ប្រទេស ដូចជា ប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងថៃ នៅទីក្រុងបាងកក ប្រទេសថៃ។

បច្ចុប្បន្ននេះ អាស៊ាន មានសមាជិក ចំនួន ១០ ប្រទេស រួមមាន ប្រទេសប្រ៊ុយណេ , កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ , ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម។

មកដល់ពេលនេះ អាស៊ាន មានប្រជាជនជាង ៦៦១ លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុប (GDP) ជាង ៣ ទ្រីលានដុល្លារអាមេរិក និងពាណិជ្ជកម្ម លើសពី ២,៧ ទ្រីលាន ដុល្លារអាមេរិក៕

ដកស្រង់ពី៖ រស្មីកម្ពុជា