បណ្តាញសង្គម

គ.ជ.ប គ្រោងចុះឈ្មោះពលរដ្ឋថ្មីចំនួន ៥០ម៉ឺននាក់ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ

តាមការរំពឹងទុក ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ គឺ គ.ជ.ប គ្រោងចុះឈ្មោះប្រជាពលរដ្ឋថ្មីចំនួន ៥០ម៉ឺននាក់។

នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប។លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៩ ខែសីហានេះថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ

និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ គ.ជ.ប បានត្រៀមខ្លួនរៀបចំរួចរាល់អស់ហើយ ទាំងលើការងារលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវប្រើប្រាស់សម្រាប់ដំណើរការ ទាំងប្រតិទិនការងារ

និងផែនការមេសម្រាប់កិច្ចការនេះផងដែរ។លោកបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គ.ជ.ប នឹងត្រូវជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី

ដើម្បីឲ្យបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង ២៥ ហើយនាពេលបន្ទាប់ទៀត គ.ជ.ប នឹងជ្រើសរើសមន្ត្រីដើម្បីឲ្យបម្រើការងារ នៅក្នុងក្រុមចុះឈ្មោះបោះឆ្នោតសម្រាប់ឃុំ-សង្កាត់ ១,៦៥២ នៅទូទាំងប្រទេស។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា «ជារួម គឺសម្រាប់ការត្រៀមកិច្ចដំណើរការនេះ គឺ គ.ជ.ប ធ្វើជាបណ្ដើរៗហើយ ហើយឥឡូវនេះចង់បញ្ជាក់ដែរថា គ.ជ.ប កំពុងតែស្រង់ស្ថិតិប្រជាពលរដ្ឋ នៅតាមឃុំ-សង្កាត់ដើម្បីកំណត់អំពីចំនួនប្រជាពលរដ្ឋ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី និងចំនួនប្រជាពលរដ្ឋ ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០២២»។

លោក សោម សូរីដា បានឲ្យដឹងទៀតថា ជាការរំពឹងទុករបស់ គ.ជ.ប គឺនៅឆ្នាំ ២០២២នេះ គ្រោងចុះឈ្មោះប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតថ្មីចំនួន ៥០ម៉ឺននាក់។

លោកថា «បញ្ជីបោះឆ្នោតឆ្នាំ ២០២២នេះ នឹងប្រើប្រាស់សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣»។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។

ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ អ្នកដែលបានផ្លាស់ប្ដូរលំនៅដ្ឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ-សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ

និងទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង៕

ដកស្រង់ពី៖ កម្ពុជាថ្មី