បណ្តាញសង្គម

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ពិនិត្យ​ផលិតកម្ម​ចិញ្ចឹមសត្វ​នៅ​តាកែវ និង កំពត

ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ នេះ បានដឹកនាំអ្នកជំនាញចុះពិនិត្យមើលកសិកម្មចិញ្ចឹម សត្វធំៗនៅកំពតនិងតាកែវ។

កសិដ្ឋានដែលលោករដ្ឋមន្ត្រីបានចុះទៅព្រឹកនេះ រួមមាន កសិដ្ឋានចិញ្ចឹមជ្រូកដែលមានស្តង់ដា ប្រព័ន្ធបិទជិត និងមានប្រព័ន្ធជីវសុវត្ថិភាព

និង សត្តឃាតដ្ឋានជ្រូក ព្រមទាំងរោងចក្រផលិតចំណីអាហារ ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត និង កសិដ្ឋាន ក្រុមហ៊ុន ស៊ីភី មួយកន្លែង ស្ថិតក្នុងភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅចំពោះមុខដៃគូអភិវឌ្ឍដែលជាវិស័យឯកជន លោករដ្ឋមន្ដ្រីបានបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមានជាអាទិ៍៖

ផលិតចំណីសត្វ ការចិញ្ចឹមមាន់សាច់ មាន់ពង ជ្រូកពូជ ជ្រូកសាច់ ការផលិតអាហារមនុស្ស និងសត្តឃាតដ្ឋាន ដែលសកម្មភាពទាំងអស់នេះបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍអនុវិស័យផលិតកម្មសត្វ សាច់

និងម្ហូបអាហារដែលមានដើមកំណើតពីសត្វ ពិសេសរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារនៅមូលដ្ឋាន និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

លោករដ្ឋមន្ដ្រីបានកោតសរសើរ និងវាយតម្លៃលើសមិទ្ធផលដែលភាគីទាំងពីររួមគ្នាសម្រេចបាន។ ចំពោះថ្លៃដើមផលិតកម្មនៅខ្ពស់ លោករដ្ឋមន្ដ្រីបានឲ្យជាគំនិតថាគួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក

យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពលអគ្គីសនីទីមួយ និងទីពីរសិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ ហើយនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។

សម្រាប់កសិដ្ឋានៅខេត្តកំពតនាយកក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នសត្តឃាតដ្ឋានអាចពិឃាតជ្រូកបាន ៧តោននៅក្នុងថ្ងៃ ឫប្រមាណជា ៧០ក្បាលយកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។ លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនមានមេជ្រូកពូជសរុបទាំងអស់ ៤៨.០០០ក្បាល។

ដោយឡែក លោកស្រី ងិន គន្ធា ម្ចាស់កសិកម្មដ្ឋានដែលមានទីតាំងស្ថិតក្នុងភូមិឬស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ

បានឲ្យដឹងថាកសិដ្ឋានបានបង្កើតនៅឆ្នាំ២០១៧ ក្នុងផ្ទៃដី ១២ហត បច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន ២០រោង ហើយនៅក្នុងមួយរោង អាចដាក់ជ្រូកសាច់បាន ៧០០ក្បាល សរុបមានជ្រូកសាច់ ១៤.០០០ក្បាល៕

ដកស្រង់ពី៖ រស្មីកម្ពុជា