បណ្តាញសង្គម

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បើក​កិច្ចប្រជុំ​លើក​ទី​១ ដើម្បី​ចរចា​ប្រាក់​ឈ្នួល​សម្រាប់ ឆ្នាំ​២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២២នេះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅ បានចេញសេចក្តីថ្លែងការណ៍ពីកិច្ចប្រជុំលើកទី១របស់ខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

បើយោងតាមសេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី២ បានបើកកិច្ចប្រជុំលើកទី១

ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ដោយសម្រេចបាន លទ្ធផលដូចខាងក្រោម៖

១- បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់លក្ខណវិនិច្ឆ័យ ទាំង៧ ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

២- បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច

(ផលិតភាព ភាពប្រកួតប្រជែងរបស់ ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករ និយោជិត មិនទាន់អាចបញ្ចាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ ខ្លួនម្ដងទៀតសិន។

៣- នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២៤, ទី៣១ ខែសីហា, ទី៧, ទី១៤, ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ៕

ដកស្រង់ពី៖ រស្មីកម្ពុជា