បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បង្ហាញការព្រួយបារម្ភពីស្ថានភាពគ្រឿងញៀន ដែលមានការវិវត្តន៍យ៉ាងខ្លាំងនៅក្នុងតំបន់ និងបានជះឥទ្ធិពលដល់កម្ពុជា

(ភ្នំពេញ)៖ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការធិការប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគក្រសួងមហាផ្ទៃ បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ស្ថានភាពគ្រឿងញៀន ដែលមានការវិវត្តន៍យ៉ាងខ្លាំងនៅក្នុងតំបន់ ដែលបានជះឥទ្ធិពលដល់កម្ពុជា។

ការបង្ហាញពីក្តីព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន របស់លោក កៅ ខុនដារ៉ា បានធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យ និងការពង្រឹងយន្តការ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោក កៅ ខុន ដារ៉ា បានថ្លែងថា ជាមួយនឹងវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលបាននឹងកំពុងបន្តបង្កនូវផលលំបាកជាច្រើនដល់ផ្នែកសុខភាព និងសេដ្ឋកិច្ចសង្គមនេះ បទឧក្រិដ្ឋ និងបទល្មើសផលិត ចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងក្នុងតំបន់ និងក្នុងពិភពលោកទាំងមូលក៏មានការកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បរិមាណគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួនកាន់តែច្រើនជារៀងរាល់ឆ្នាំ, ការកែច្នៃ ផលិតក្នុងរូបភាពទ្រង់ទ្រាយធំៗត្រូវបានរកឃើញ

និងបង្ក្រាបបានជាបន្តបន្ទាប់, ប្រភេទគ្រឿងញៀន ដែលបានកែច្នៃ ផលិត និងប្រើប្រាស់ភាគច្រើន គឺជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន ដែលការផ្លាស់ប្ដូរពីវត្តមានប្រភេទគ្រាប់ និងកើនឡើងនូវវត្តមានប្រភេទ ICE នេះ គឺជាសញ្ញាណនៃការបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរសម្រាប់អ្នកប្រើ»។

ជាមួយគ្នាលោកបានរំឮកថា៖ «មុនឆ្នាំ២០១៥ អាចនិយាយបានថាកម្ពុជាគ្រាន់តែជាប្រទេសដែលទទូលរងនូវប៉ុន្តែបច្ចុប្បន្នបើយោងលើស្ថានភាពជាក់ស្ដែង លើលទ្ធផលបង្ក្រាបរបស់សមត្ថកិច្ច

និងកំណើននៃការបង្កើតថ្មីនៃមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា កម្ពុជាបាននឹងកំពុងទទួលរងនូវផលប៉ះពាល់នៃបញ្ហាគ្រឿងញៀនដូចបណ្តាប្រទេសផ្សេងៗទៀត ផលប៉ះពាល់នៃគ្រឿងញៀនតិចតួចជាងគេ នៅក្នុងតំបន់ហើយបើស្ថានភាពបែបនេះនៅតែបន្ត កម្ពុជានឹងអាចក្លាយជាប្រទេសដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងបណ្តាប្រទេសនានា»។

បន្ថែមពីនេះ លោក កៅ ខុនដារ៉ា បានបញ្ជាក់ថា ការចរាចរ កែច្នៃ ផលិត និងជួញដូរ ករណីធំៗ ត្រូវបានសមត្ថកិច្ចអនុវត្តច្បាប់ថ្នាក់ជាតិ ធ្វើការបង្ក្រាបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ប៉ុន្តែករណីចែកចាយ លក់ដូរតូចតាច និងការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់មួយចំនួន នៃរាជធានី-ខេត្ត នៅតែជាការរំខាន និងក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ និងអាណាព្យាបាលដែលត្រូវបន្តគិតគូរ និងចាត់វិធានការសមស្របបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការផលិតគ្រឿងញៀនបែបសំយោគកាន់តែសកម្មនៅក្នុងតំបន់ត្រីកោណមាស កំពុងជះផលប៉ះពាល់ កាន់តែខ្លាំងទៅលើប្រទេសក្នុងតំបន់ ដែលក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។

លោកឧត្តមសេនីយ៍ បានបន្តថា រយៈពេលចុងក្រោយតំបន់ត្រីកោណមាស បានប្រែក្លាយពីការផលិតអាភៀន ឬគ្រឿងញៀន ពីការផលិតបែបធម្មជាតិ

មកផលិតបែបគ្រឿងញៀនសំយោគយ៉ាងសកម្ម ដូច្នេះកម្ពុជាក៏បានទទួលរងយ៉ាងធំធេងដែរ ដោយពួកគេបានដឹកជញ្ជូនមកកម្ពុជា ហើយដឹកបន្តទៅកាន់ប្រទេសទី៣ តាមផ្លូវទឹក និងផ្លូវអាកាសជាដើម ខណៈក៏មានការប៉ុនប៉ង យកកម្ពុជាធ្វើជាទីកន្លែងកែច្នៃផលិតផងដែរ។

ឧត្តមសេនីយ៍ នាគ់ យុទ្ធា បានបន្ថែមថា បរិមាណគ្រឿងញៀនដែលចាប់បាននៅប្រទេសកម្ពុជាកើនឡើង ដែលទាំងនេះមិនមែនជាបញ្ហាដោយឡែក សម្រាប់តែកម្ពុជានោះទេ ប៉ុន្តែវាជាបញ្ហារួមរបស់តំបន់ ព្រោះប្រទេសក្នុងតំបន់ក៏មានកើនឡើងផងដែរ។

គួរបញ្ជាក់ថា បញ្ហាគ្រឿងញៀនកំពុងបង្កព្រួយបារម្ភយ៉ាងខ្លាំងនៅកម្ពុជា ជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនមានទាំងការជួញដូរ ការស្ដុកទុក និងការផលិតជាដើម ក្នុងចំនួនច្រើនតោន។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាទៅសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះពិនិត្យមើលតាមរោងចក្រ ដើម្បីឆែកមើលខ្លាចមានលួចបង្កប់ផលិតគ្រឿងញៀន៕

ដកស្រង់ពី៖ Fresh News