បណ្តាញសង្គម

ក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ បង្ហាញ​ពី​វឌ្ឍនភាព និង​ទិសដៅ​លើ វិស័យ​អប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០២២-២០២៣

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានបើកកិច្ចប្រជុំលើកទី៥ របស់ខ្លួន ដើម្បីបង្ហាញពីវឌ្ឍនភាព និងការដាក់ទិសដៅ លើវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ ២០២២-២០២៣។

កិច្ចប្រជុំនេះ បានធ្វើឡើង នាសាលប្រជុំមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្ត ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ (TWG-TVET) បានថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំបំពេញការងារ កន្លងមក ទទួលបានលទ្ធផលជាផ្លែផ្កា ចាប់តាំងពី

ការរៀបចំបង្កើតឱ្យមានជាក្រុមការងារ (TWG-TVET) រួចមក ដែលមានកិច្ចប្រជុំ លើកនេះ មានសមាសភាពចូលរួម សរុបចំនួន ៦១រូប មកពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ចំនួន ៣ គឺៈ

ទី១-ការធ្វើរបាយ ការណ៍វឌ្ឍនភាព លើការងារអាទិភាព វិស័យ អ.ប.វ. ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយផ្តោតលើសេចក្តីព្រាង នៃការអភិវឌ្ឍច្បាប់ ស្តីពី អ.ប.វ. ការបង្កើតប្រព័ន្ធ ឌីជីថលូបនីយកម្ម វិស័យ អ.ប.វ. (ប្រព័ន្ធជាតិ អ.ប.វ. ពីចម្ងាយ ឬតាមអនឡាញ (TVET E-Learning),

ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន ពីចម្ងាយ ឬតាមអនឡាញ (E-RPL), ប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថាន អ.ប.វ. (School Management System), ការងារអាទិភាពឆ្នាំ២០២២, និងផែនការថវិកាវិស័យ អ.ប.វ. ឆ្នាំ២០២៣ ការធ្វើបច្ចុប្បន្នភាព គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

ទី២. ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព នៃការគាំទ្រ ក្នុងវិស័យ អ.ប.វ. របស់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ ទី៣. គោលការណ៍ណែនាំ សម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តសូចនាករ តាមដានរួមគ្នា ស្តីពី អ.ប.វ. ឆ្នាំ២០២១-២០២២ និងការកំណត់សូចនាករ តាមដានរួមគ្នា ស្តីពី អ.ប.វ. ឆ្នាំ២០២៤-២០២៨ ។

លោកស្រី Nadia Ottiger នាយករងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងជាអ្នកដឹកនាំសម្របសម្រួល ដៃគូអភិវឌ្ឍន៍ក្រុម TWG-TVET ក៏បានផ្តល់នូវចំណាប់អារម្មណ៍ កោតសរសើរ

និង វាយតម្លៃខ្ពស់ ចំពោះអង្គប្រជុំ បន្ទាប់ពី លោករដ្ឋមន្ត្រី ក្រសួងការងារ បានលើកពីសកម្មភាពជាច្រើន ក្នុងការអភិវឌ្ឍជំនាញ នៅកម្ពុជា ដែលធ្វើឱ្យក្រសួងសម្រេចបាន

ក្នុងការបន្តអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងក៏ដូចជា ផែនការយុទ្ធសាស្ត្រជាច្រើនទៀត ដែលក្រសួងកំពុងសម្រេចបាន និងការដាក់ទិសដៅ នៅថ្ងៃខាងមុខ។

ក្នុងពិធីនេះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារក៏ បានស្នើដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រសកម្មភាពសំខាន់ៗ របស់ក្រសួងក្នុងវិស័យ TVET មួយចំនួន រួមមាន៖ ១) ការអនុវត្តគោលនយោបាយជាតិ

ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥, ២) ការអភិវឌ្ឍច្បាប់ TVET ៣) ការធ្វើឌីជីថលូបនីយកម្ម វិស័យ TVET ឱ្យស្របតាមតម្រូវការប្រើប្រាស់ ទាំងគ្រឹះស្ថាន TVET វិស័យឯកជន ដៃគូអភិវឌ្ឍន៍

និងអ្នកពាក់ព័ន្ធផ្សេងៗ និង ៤) សូមជួយគាំទ្រថវិកា និងបច្ចេកទេស ក្នុងការរៀបចំសន្និសិទ TVET ក្នុងតំបន់ ASEAN ដែលនឹងរៀបចំឡើង នៅកម្ពុជា នៅចុងឆ្នាំ២០២២ នេះ៕

ដកស្រង់ពី៖ រស្មីគម្ពុជា