បណ្តាញសង្គម

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​លើក​ទី​២ ភាគី​និយោជក និង​ភាគី​តំណាង​កម្មករ បាន​លើក​ហេតុផល និង​បង្ហាញ​ពី​គោលជំហ​ផ្ទៃក្នុង រៀងៗ​ខ្លួន​នៅឡើយ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសរបស់ខ្លួន ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី២ ដោយបានបញ្ជាក់ថា ភាគីនិយោជក (ថៅកែ) និងភាគីតំណាងកម្មករ បានលើកហេតុផល និងបង្ហាញពីគោលជំហផ្ទៃក្នុង រៀងៗខ្លួនមុននឹងសម្រេចលទ្ធផល នៅថ្ងៃខាងមុខ។

នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។

ប្រភពខាងលើនេះ បានបញ្ជាក់ថាៈ ក្រោយការប្រជុំផ្ទៃក្នុង ភាគីទាំងពីរ បានលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួន ទៅវិញទៅមក ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ អំពីសំណើរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំនេះ ភាគីរាជរដ្ឋាភិបាល ក៏បានសម្របសម្រួល និងផ្ដល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលភាគីតំណាង កម្មករនិយោជិត និងភាគីតំណាងនិយោជក មានចម្ងល់ផងដែរ។

ក្រសួងការងារ បានឱ្យដឹងដែរថាៈ ក្នុងអង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ២:៣០ នាទី រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៍មាន ក្រោយពីបញ្ចប់កិច្ចប្រជុំលើកទី២នេះ លោក ហេង សួរ ប្រធានលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឱ្យដឹងថាៈ

ការចង់បាននូវតួលេខប្រាក់ឈ្មួលមួយយឺត ឬលឿន វាអាស្រ័យលើភាគីនិយោជក និងភាគីកម្មករ និយោជិត ដែលចេះយោគយល់ និងចេះអាធ្យាស្រ័យគ្នា ពិសេសបើក្នុងកិច្ចប្រជុំនៅថ្ងៃទី៣១ សីហា ខាងមុខនេះ បើសិនជាមានវឌ្ឍនភាពល្អ ឬភាគីអាចត្រូវរ៉ូវគ្នា កិច្ចប្រជុំអាចនឹងបញ្ចប់មុនថ្ងៃទី២២ ឬ ២៣ កញ្ញា ឆ្នាំ ២០២២។

លោកបានបញ្ជាក់បន្ថែមថាៈ ”ជាធម្មតាការកំណត់ប្រាក់ឈ្មួល វាអាស្រ័យទៅលើវិនិច្ឆ័យទាំង ៧ ចំណុចដូចគ្នា តែការឱ្យពិន្ទុភាគីនីមួយៗ មានលក្ខណៈខុសៗគ្នា ហើយក្រៅពីនេះ មានព័ត៌មានទិន្នន័យផ្សេងទៀត សម្រាប់យកមកពិចារណា ដែលទាមទារឱ្យភាគីនីមួយៗ ត្រូវចូលមកជជែក និងពន្យល់គ្នាទៅវិញទៅមក”។

គួរបញ្ជាក់ថា សម្រាប់ប្រាក់ឈ្មួលគោលរបស់កម្មករ និយោជិត ក្នុងឆ្នាំ២០២២ នេះ ទទួលបាន ១៩៤ ដុល្លារ ក្នុង១ខែ ដោយក្នុងនេះមិនគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះឡើយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា