បណ្តាញសង្គម

ព្រឹក​នេះ ប្រកាស​ចូលកាន់​តំណែង​អភិបាលរងខណ្ឌ នាយក​រដ្ឋបាល នៃ​រដ្ឋបាល​ខណ្ឌ​នានា ក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ មន្ដ្រីរាជការ ដែលត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ស្អែកនេះ។

ពិធីនេះ នឹងប្រារព្ធធ្វើឡើងនៅសាលាប្រជុំធំ នៃសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ម សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្ទេរភារកិច្ចអភិបាលរងខណ្ឌ១២រូប និងតែងតាំងអភិបាលរងខណ្ឌចំនួន៣៦រូប ក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អភិបាលនៃគណៈអភិបាលខណ្ឌចំនួន ៣រូប ត្រូវបានតែងតាំងថ្មី និង ៥រូបទៀត ត្រូវបានផ្លាស់ប្តូរ ពីខណ្ឌមួយទៅខណ្ឌមួយ ដែលពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។

ដោយឡែក កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញចំនួន ៣ រូប ត្រូវបានប្រកាសតែងតាំងជាផ្លូវការហើយ។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

កដស្រង់ពី៖ រស្មីកម្ពុជា