បណ្តាញសង្គម

អ្នកនាំពាក្យក្រសួងការងារ ប្រកាសអំពាវនាវ​ដល់​បងប្អូន​ពលករខ្មែរ នៅកូរ៉េ កុំចាញ់បោក​ការឃោសនា​របស់​បុគ្គលម្នាក់ នៅខេត្ត​សៀមរាប​

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសអំពាវនាវដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ កុំចាញ់បោកការឃោសនារបស់បុគ្គលម្នាក់ នៅខេត្តសៀមរាប។

នោះគឺបុគ្គលម្នាក់ ជាប្រធានគណបក្សនយោបាយមួយ កំពុងរស់នៅខេត្តសៀមរាប គឺលោក ខឹម វាសនា បានប្រកាសឱ្យពលករខ្មែរ នៅកូរ៉េ ប្រញាប់ធ្វើដំណើរវិលត្រលប់មកកម្ពុជា ព្រោះលោកថា អាចនឹងមានគ្រោះមហន្តរាយ

ទឹកជំនន់នៅលើពិភពលោក រួមទាំងប្រទេសកូរ៉េនោះ។នៅយប់ថ្ងៃទី២៥ ខែសីហានេះ លោក ហេង សួរ បានសារជាសំឡេងផង និងសរសេរអក្សរបង្ហោះលើបណ្តាញសង្គមផង ដោយមានសេចក្តីថា

«ខ្ញុំសូមអំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប។

ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញ ទាំងតក់ត្រហល់ គឺប៉ះពាល់ដល់កេរិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។

ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំ សម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។

បងប្អូនធ្វើបែបនេះ គឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែលបងប្អូនភ្ញាក់ខ្លួនហើយចង់ទៅម្តងទៀត»។

លោក ហេង សួរ បន្តថា «សូមបងប្អូនជឿថា ប្រសិនជាពិភពលោកនេះ នឹងជួបប្រទះគ្រោះមហន្តរាយ កើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។

ហើយបើលិចលង់ពិភពលោកមែន វាមិនដែលនៅសល់តែដីចំការរបស់បុគ្គលនោះទេ វាប្រាកដជាលិចទាំងអស់»។

លោក ហេង សួរ បន្ថែមថា «តាមទិន្នន័យព្យាករណ៍អាកាសធាតុ ដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗ ក៏ដូចជា ស្ថាប័នតាមដានការប្រែប្រួលបរិស្ថានអន្តរជាតិ គឺមិនមានទិន្នន័យណាមួយ បង្ហាញសញ្ញាថា នឹងមានគ្រោះធម្មជាតិ នៅក្នុងខែសីហានេះ និងខែកញ្ញានោះឡើយ»។

អ្នកនាំពាក្យ បន្ថែមថា «បងប្អូនបានដឹងខ្លួនឯងច្បាស់ណាស់ថា បងប្អូនបានទៅដល់ប្រទេសកូរ៉េ គឺដោយសារជិះយន្តហោះ មិនមែនដោយសារបងប្អូន ដើរលើខ្នងរបស់ព្រះព្រហ្ម ឬជ្រែកតាមឆ្អឹងជំនីរបស់បុគ្គលនោះទេ។

ហេតុដូច្នេះ សូមបងប្អូនតាំងស្មារតី យកវិទ្យាសាស្ត្រជាគោល ហើយយកអនាគតរបស់ខ្លួន គ្រួសារខ្លួន និងសង្គមជាតិខ្លួនជាធំវិញ។ សូមបងប្អូនចូលធ្វើការជាធម្មតា និងមានអារម្មណ៍ហ្នឹងនឡើងវិញ»។

ការអំពាវនាវជាសារ ជាសំឡេងផង និងជាអក្សរផងរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដូច្នេះ បានធ្វើឡើង បន្ទាប់ពីមានដំណឹងពីប្រទេសកូរ៉េខាងត្បូង ផ្សាយមកថា នៅក្នុងអាទិត្យនេះ មានពលករខ្មែរយើង ប្រមាណ ១០០០នាក់ នៅក្នុងប្រទេសកូរ៉េ បានសម្រេចចិត្ត សម្រុកចាកចេញយ៉ាងតក់ក្រហល់ ដោយសំបុត្រយន្តហោះ លក់ស្ទើរតែគ្មានសល់។

អ្នកចាកចេញទាំងនោះ ខ្លះទើបតែមកដល់កូរ៉េ ទាំងមិនទាន់ដាច់កិច្ចសន្យាការងារ និងខ្លះទៀត សុខចិត្តមិនទូទាត់លុយបំណាច់ឆ្នាំ ហើយការសម្រុកចាកចេញរបស់ពលករខ្មែរនេះ ធ្វើឱ្យភ្ញាក់ផ្អើលដល់ស្ថាប័ននានាក្នុងប្រទេសកូរ៉េ

ដូចជារាយការណ៍ចាកចេញនៅមជ្ឈមណ្ឌលការងារ ដកលុយបំណាច់ឆ្នាំនៅធានារ៉ាប់រងសាំសុង ផ្តាច់កម្ចីធនាគារ ផ្តាច់ប្រព័ន្ធទូរស័ព្ទ ការដកដាក់ឯកសារផ្សេងៗ។

ថៅកែមួយចំនួន បានដាក់ពាក្យបណ្តឹង មកស្ថាប័នពាក់ព័ន្ធ ដោយសារកន្លែងការងារខ្លះ មានពលករឈប់ច្រើននាក់ ធ្វើឱ្យបាត់បង់កម្លាំងការងារស្ទះការងារ។

សេចក្តីរាយការណ៍បន្តថា បញ្ហាចាកចេញរបស់ពលករខ្មែរ នៅកូរ៉េ ដោយគំហុកបែបនេះ ដោយសារតែពួកគេ ជឿមេដឹកនាំរបស់ពួកគេ ទស្សន៍ទាយបាតុភូត ប្រហោងលូខ្មៅផែនដី ( Black Hole ) បង្កើតមហន្តរាយជន់លិចផែនដី មានតែប្រទេសខ្មែរ ដែលសុខសាន្ត។

ដូច្នេះមេដឹកនាំគណបក្សនយោបាយ ដែលកំពុងរស់នៅសៀមរាប គឺលោក ខឹម វាសនា បានប្រកាសសូមឱ្យមានការវិលត្រឡប់ចូលស្រុកយ៉ាងតក់ក្រហល់បែបនេះ៕

ដកស្រង់ពី៖ កោះស្តិភាព