បណ្តាញសង្គម

ឯក ឧត្តម ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃ ដល់អ្នកចង់អាន

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈ Facebook Page ផ្លូវការរបស់លោក បានប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃ ដល់អ្នកដែលមានបំណងចង់អានសៀវភៅនេះ។

ការប្រកាសផ្តល់ជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃនេះ ធ្វើឡើងបន្ទាប់ពីមានសំណូមពរជាច្រើន ពីបងប្អូនប្រជាពលរដ្ឋ ដែលចង់បានសៀវភៅនេះ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានសំណូមពរច្រើនពីបងប្អូន លើសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត»

ខ្ញុំបានប្រគល់ភារកិច្ចអោយ ក្រុមការងាររបស់ខ្ញុំ ត្រៀមទទួលរៀបចំចាត់ចែងសៀវភៅ ជូនដល់បងប្អូនដែលមានបំណងចង់បានសៀវភៅនេះទៅអាន»។

ដើម្បីទទួលបានសៀវភៅដោយឥតគិតថ្លៃ សូមបងប្អូនទំនាក់ទំនងទៅក្រុមការងារតាមរយៈ៖ * ទូរស័ព្ទលេខ ០១០ ៤០០ ១៣៦ និង ០៨៥ ៥២២ ១៤០

* ឬ តាមហ្វេសប៊ុក ផេក Hun Manet - C.O.Army (Page Link: https://m.facebook.com/hunmanetcoarmycambodia/) សូមបញ្ជាក់ថា សៀវភៅថ្មី «កូនប្រុសច្បងនាយករដ្ឋមន្រ្តី

- ដំណើរឆ្ពោះទៅបន្តវេន- ហ៊ុន ម៉ាណែត» មិនត្រឹមតែផ្តោតលើប្រវត្តិសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំពីទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមផងដែរ ហើយត្រូវបានបោះពុម្ភផ្សាយចំនួន២ម៉ឺនច្បាប់ នៅដើមខែសីហានេះ។

អ្នកនិពន្ធ ឆាយ សុផល បញ្ជាក់ថា សៀវភៅនេះមានចែកជូនឱ្យបណ្ណាល័យ សាកលវិទ្យាល័យមួយចំនួន យុវជន និស្សិតនៅរាជធានី-ខេត្ត និងមួយចំនួនដាក់នៅបណ្ណាគារ ដើម្បីឱ្យមិត្តអ្នកអានស្វែងយល់ពីអនាគតអ្នកបន្តវេន៕

ដកស្រង់ពី៖ Fresh News