បណ្តាញសង្គម

រដ្ឋមន្ត្រី​កសិកម្ម​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​អ៊ីស្រាអែល​៤​ថ្ងៃ

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំគណប្រតិភូដែលមានសមាសភាពចម្រុះ ពោលគឺទាំងយុវជន និង ធុរជនផ្នែកកសិកម្ម ចុះបំពេញទស្សនៈកិច្ចនៅប្រទេសអ៊ីស្រាអែលពីថ្ងៃទី ២៧ ដល់ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២។

លោកបានអះអាងថា ដំណើរទស្សនៈកិច្ចនេះមានគោលបំណង នាំយកវិស័យឯកជនឈានមុខកម្ពុជា និងក្រុមយុវជនមួយចំនួន ទៅធ្វើការសិក្សាស្វែងយល់ និងដកស្រង់និងផ្លាស់ប្តូរបទពិសោធន៍សំខាន់ៗលើការងារដឹកនាំ គ្រប់គ្រង ការអនុវត្តបច្ចេកទេសកសិកម្មទំនើបរបស់ប្រទេសអ៊ីស្រាអែល និងការធ្វើកសិ-ធុរកិច្ច ជាដើម។

នាថ្ងៃទី ២៨ ខែសីហា លោក វេង សាខុន បានជួបពិភាក្សាជាមួយលោក អូដេត ហ្វ័រ័រ ( Oded Forer) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល និងលោក ចាណាថាន់ ហ្សេដាកាស ( Janathan Tzedakah) តំណាងឲ្យក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល។

លោករដ្ឋមន្ត្រីបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរពិតជាបានរឹតថែមមួយកម្រឹតទៀតដោយថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់/ឆ្នាំ។

បច្ចុប្បន្នពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរួមចំណែក និងចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ

ដែលទទួលបានពីប្រទេសអ៊ីស្រាអែលដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកបានបន្តថា តាមរយ:កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អនុវិស័យសាកវប្បកម្មកម្ពុជាបាននិងកំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ឧទាហរណ៍ផ្ទះសំណាញ់បាននិងកំពុងរីកដុះដាលនៅទូទាំងប្រទេស ប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំ និងបន្លែបាននិងកំពុងអនុវត្តយ៉ាងទូលំទូលាយ។

លោករដ្ឋមន្ត្រីបានលើកសំណើជូនភាគីអ៊ីស្រាអែល ឲ្យពិចារណា និងពិនិត្យលទ្ធភាពជួយឧបត្ថម្ភមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្មដែលរដ្ឋអ៊ីស្រាអែលឈានមុខមានដូចជាប្រព័ន្ធស្រោចស្រព ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងកសិ-ធុរកិច្ច។

នាឱកាសនោះ លោក អូដេត ហ្វ័រ័រ បានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពន៍នៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕

ដកស្រង់ពី៖ រស្មីកម្ពុជា