បណ្តាញសង្គម

ក្រុមប្រឹក្សា​រាជធានី ស្នើ​ឱ្យ​អាជ្ញាធរ​យកចិត្តទុក​ដាក់ បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើអោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់ សហការបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារ៉ាមនានា នៅក្នុងរាជធានីភ្នំពេញ ។

ការស្នើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតិភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកម៉ប់ សារិន ក្នុងនោះបានមានប្រសាសន៍កោតសរសើរ ចំពោះសមត្ថកិច្ចដែលបានខិតខំ បង្ការ ទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ ពិសេសបទល្មើស ឧក្រិដ្ឋឱ្យមានការថយចុះ ។

ទន្ទឹមនឹងនេះ ការបង្ក្រាបបទល្មើសគ្រឿងញៀ.ន បានចំនួន៨០ករណី ក្នុងនោះការជួញដូរគ្រឿងញៀ.នបាន៥៣ករណី។ បន្ថែមពីនេះទៀត អាជ្ញាធរមានសមត្ថកិច្ច នៅបានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរចល័ត តាមដងផ្លូវសាធារណៈ និងអ្នកលក់ដូរនៅនឹងកន្លែង ដោយបានធ្វើការអប់រំណែនាំឱ្យមានសណ្ដាប់ធ្នាប់ល្អថែមទៀតផងដែរ។

ជាមួយនឹងស្នាដៃខាងលើ លោកម៉ប់ សារិន បានសំណូមពរ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ យកចិត្តទុកដាក់ សហការបង្ក្រាបក្រុមក្មេងទំនើងអោយកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌតាមវត្តអារ៉ាមនាពេលខាងមុខ។

ពាក់ព័ន្ធនឹងការស្នើឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយអោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់ សហការបង្ក្រាបក្រុមក្មេងទំនើង ក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្

ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍បញ្ជាក់ថា ជុំវិញបញ្ហានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ លោកអភិបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមួយ

ដើម្បីដាក់ចេញជាវិធានការម៉ឺងម៉ាត់មួយចំនួនក្នុងពិធីបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នេះ ក្នុងនោះមានទាំងការដាក់ចេញជាវិធានការធ្វើយ៉ាងណាអោយភូមិ-សង្កាត់មានសុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ

និងការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាអោយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅពេលខាងមុខនេះ ដំណើរទៅដោយរលូន មានសន្តិសុខ សុវត្ថិភាពល្អ បង្កភាពកក់ក្តៅ និងជឿទុកចិត្តពីប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ កោះស្តិភាព