បណ្តាញសង្គម

រដ្ឋមន្ត្រីបរិស្ថានកោតសរសើដល់និស្សិតដែលទទួលបានអាហាររូបករណ៍ទៅសិក្សានៅចិន

ភ្នំពេញ៖«សូមអបអរសាទរចំពោះនិស្សិតទាំងអស់ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយជ័យលាភីនេះគឺពិតជាមានអត្ថន័យយ៉ាងសំខាន់សម្រាប់ជីវិតនិស្សិតម្នាក់ៗ និងបង្ហាញពីសមត្ថភាពរបស់ជ័យលាភីម្នាក់ៗ»។

នេះគឺជាការថ្លែងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅទីស្តីការក្រសួងបរិស្ថាន ក្នុងឱកាសជួបសំណេះ សំណាលជាមួយនិស្សិតអាហារូបករណ៍ចំនួន ២៤ នាក់ដែលគ្រោងនឹងចាកចេញទៅបន្តការសិក្សាមុខជំនាញនានានៅប្រទេសចិននាចុងខែកញ្ញា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណរដ្ឋាភិបាលចិនដែលបានផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាលើមុខជំនាញនានា។ លោករដ្ឋមន្ត្រី បន្តថាឈរលើមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រដែលទទួលបានពីអាហារូបករណ៍នេះនឹងធ្វើឱ្យជីវិតរបស់ជ័យលាភីអាហារូបករណ៍កាន់តែមានភាពស្រស់បំព្រង និងជឿជាក់លើខ្លួនឯង ហើយជឿថានិស្សិតទាំងអស់នឹងអាចធ្វើបាន»។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ត្រូវបើកចំហនិងទទួលយកនូវចំណេះដឹងនិងបទពិសោធល្អៗថ្មីៗដែលពេលទៅសិក្សានៅប្រទេសចិន ដើម្បីបង្កើនចំណេះដឹងនិងបទពិសោធសម្រាប់ខ្លួនឯងនិងជំនាញរបស់ខ្លួនដើម្បី«ចូលរួមកសាងកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា»។

លោក សាយ សំអាល់ ក៏បានលើកទឹកចិត្តនិស្សិតទាំងអស់ឱ្យយកចិត្តទុកដាក់លើការកសាងបំណិនជីវិតដែលជាផ្នែកមួយយ៉ាងសំខាន់ធ្វើឱ្យជីវិតនិងជំនាញរបស់យើងកាន់តែមានតម្លៃខ្លាំង ដោយគូសបញ្ជាក់ថា ៖

«យើងត្រូវកសាងខ្លួនជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងបំពេញកាតព្វកិច្ចចំពោះជាតិនិងប្រជាជនឱ្យបានល្អ និងចូលរួមពូនជ្រុំឫសគល់សុខសន្តិភាពឱ្យកាន់តែរឹងមាំ និងផ្សារភ្ជាប់ជីវិតយើងជាមួយដំណើររបស់កម្ពុជា»។

សូមជម្រាបថា ជំនួបនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១១ខែកញ្ញាម្សិលមិញ៕

ដកស្រង់ពី៖ រស្មីកម្ពុជា