បណ្តាញសង្គម

លោកស្រី ម៉ែន នារីសោភ័គ ផ្ដល់កិច្ចសម្ភាសពាក់ព័ន្ធនឹងការត្រៀមខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៩ និងវេទិកា យុវជនអាស៊ី អាគ្នេយ៍ នៅប្រទេសប្រ៊ុយណេ (Video Inside)

(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្ដល់កិច្ចសម្ភាសពាក់ព័ន្ធនឹង ការត្រៀមខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៩ និងវេទិកា យុវជនអាស៊ី អាគ្នេយ៍ នៅប្រទេសប្រ៊ុយណេ នៅពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំត្រៀមខ្លឹមសារនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក ដែលជាឥស្សរជននៅក្នុងក្រុមការងារទ្រទ្រង់អគ្គលេខាធិការដ្ឋាន ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា «នៅថ្ងៃនេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន

បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមខ្លឹមសារ ខណៈកាកបាទក្រហមកម្ពុជា នឹងចាត់គណៈប្រតិភូ ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៩ និងវេទិកា យុវជនអាស៊ី អាគ្នេយ៍ នៅប្រទេសប្រ៊ុយណេ នាពេលឆាប់ៗខាងមុខនេះ»។

កិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីសូមប្រសាសន៍ណែនាំ និងតម្រង់ទិស សម្រាប់ត្រៀមខ្លឹមសារ ដែលគណៈប្រតិភូកបាកបាទក្រហមកម្ពុជា នឹងទៅចូលរូម កិច្ចប្រជុំលើកទី១៩ខាងមុខនេះ ពីលោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី។

ក្នុងឱកាសនោះ លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើបទបង្ហាញស្ដីពីការពិនិត្យអំពីស្ថានភាពជាសកល និងបញ្ហាដែលត្រូវមានការយល់ដឹង ជាពិសេសខ្លឹមសារសម្រាប់ការត្រៀម ចូលរួមកិច្ចប្រជុំ ដោយផ្ដោតទៅតាមរបៀបវីរៈសំខាន់មួយចំនួនទៀត។

ជាពិសេស ក្នុងការដែលកាកបាទក្រហមកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម អាស៊ីអាគ្នេយ៍ លើកទី២០ នៅឆ្នាំ២០២៣៕

 

ដកស្រង់ពី៖ Fresh News