បណ្តាញសង្គម

​សម្តេច​ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី​វៀតណាម បេ្ត​ជ្ញា​រួមគ្នា ក្នុងការ​ជំរុញ​កំណើន សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​កម្ពុជា​-​វៀតណាម ឲ្យ​កើនឡើង​ថែមទៀត​

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាម ម៉ិញជិញ (Pham Minch Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ថាបានផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទាំងសងខាង។

សម្តេចប្រធានរដ្ឋសភា និង លោក ផាម ម៉ិញជិញ បានប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការជំរុញ ទំនាក់ទំនង រវាងបក្ស រដ្ឋ និង ប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសរួមគ្នា ក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀម

រវាងប្រទេសទាំងពីរ ដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព ចំណុចណាដែលបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ចំណុចណាដែលពុំទាន់មានលទ្ធផលល្អ ខិតខំធ្វើឲ្យប្រសើរឡើង។

ការបេ្តជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងឱកាស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលជួបសម្តែងការគួរសម ជាមួយលោក ផាម ម៉ិញជិញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នាការិយាល័យរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចប្រធាន រដ្ឋសភា នៅក្នុងប្រទេសវៀតណាម នាឱកាសនេះ ថានឹងជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ កាន់តែរីកចម្រើនឡើង។

លោកនាយករដ្ឋមន្ត្រី បានស្នើសម្តេចប្រធានរដ្ឋសភា បន្តគាំទ្រនិងជំរុញដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប្រទេសទាំងពីរ ឲ្យកាន់តែមានកំណើនឡើង។ឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម ប្រទេសកម្ពុជា និងវៀតណាម មានទំហំទឹកប្រាក់ ប្រមាណ ១០ ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ នេះ ទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរ សម្រេចបាន ៧ ពាន់លានដុល្លារ ទៅហើយ។

លោក ផាម ម៉ិញជិញ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា បច្ចុប្បន្ននេះ មានគម្រោងវិនិយោគរបស់ប្រទេសវៀតណាម ចំនួន ១៨៨ កំពុងវិនិយោគនៅកម្ពុជា។

លោក ផាម ម៉ិញជិញ បានជម្រាបសម្តេចពីគម្រោងបំពេញទស្សនកិច្ច របស់លោក នៅកម្ពុជា នាខែវិច្ឆិកា ខាងមុខ ស្របពេលដែលកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ប្រចាំឆ្នាំ២០២២។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

សម្តេចបានបញ្ជាក់ថា បើទោះបីស្ថិតក្នុងដំណាក់កាល ប្រឈមវិបត្តិជំងឺកូវីដ-១៩ ក្តី ក៏នៅតែបន្ត អនុវត្តយ៉ាងមានប្រសិទ្ធភាព លើគ្រប់វិស័យ ជាអាទិ៍ វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើម ៕

ដកស្រង់ពី៖ រស្មីកម្ពុជា