បណ្តាញសង្គម

សម្តេច​ជោ ហ៊ុន សែន​៖ កម្ពុជា នឹង​បន្ត​ជំរុញ​ការយកចិត្តទុកដាក់ លើ​ការអភិវឌ្ឍ ប្រសិទ្ធភាព​ថាមពល និង​ថាមពល​កកើត​ឡើងវិញ​

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងឱកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធ

នាថ្ងៃព្រហស្បតិ៍ទី១៥ ខែកញ្ញា ឆ្នាំ ២០២២ បានមានប្រសាសន៍ថាៈ ក្នុងឆ្នាំ២០២១ កន្លងមកនេះ ថាមពលដែលបានមកពី ប្រភពថាមពល កកើតឡើងវិញ រួមមាន វារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០ភាគរយ នៃថាមពលសរុបរបស់កម្ពុជា។

ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាព នៃប្រភពថាមពលរបស់កម្ពុជា ចំណែកអានុភាព នៃប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥ ភាគរយ នៃអានុភាពតម្លើងសរុប។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដែរថាៈ សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់

លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញ ឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួល បានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោង ប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈ ហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម ។

ដើម្បីសម្រេចទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការជាមួយដៃគូ អភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជា រហូតដល់ឆ្នាំ ២០៤០ គោលនយោបាយជាតិ ស្ដីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោ បាយអភិវឌ្ឍន៍ ថាមពលពន្លឺព្រះអាទិត្យ លើដំបូលនៅកម្ពុជា។

សូមបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ បានដាក់ចេញ យុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន LTS4CN ដែលរំពឹងថា នឹងសម្រេចបានការងារអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន «LTS4CN» នេះ គឺជាសក្ខីភាពបញ្ជាក់ នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រម ព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ និងបង្ហាញនូវសេណារីយ៉ូ គោលនយោបាយ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យ នៃសង្គមមួយប្រកបដោយ អព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន ត្រូវបានអនុម័ត និងដាក់ជូនលេខាធិការដ្ឋាន អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្ដីពីការប្រែប្រួលអាកាស ធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

សម្រាប់ការផលិតថាមពល យុទ្ធសាស្ត្រនេះ បានធ្វើការបញ្ចូលការប្តេជ្ញាចិត្តថ្មីៗ របស់កម្ពុជា ក្នុងការមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី និងគោលដៅថាមពល កកើតឡើងវិញ ៣៥ ភាគរយ ក្នុងប្រភពថាមពលចម្រុះ ត្រឹមឆ្នាំ២០៥០។

ជាមួយគ្នានេះ យុទ្ធសាស្ត្រ ក៏បានដាក់គោលដៅកាត់បន្ថយការដុតសំណល់នៅទីវាល ឱ្យបាន ៨៥ ភាគរយ ផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា