បណ្តាញសង្គម

អតីតប្រធានទីភ្នាក់ងារ JICA វាយតម្លៃខ្ពស់ចំពោះការដឹកនាំជាប្រធានអាស៊ានរបស់សម្ដេចតេជោ

(ភ្នំពេញ)៖ លោក KITAOKA Shinichi អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)បានសំដែងនូវការគោរពនិងវាយតម្លៃខ្ពស់ចំ ពោះការដឹកនាំជាប្រធានអាស៊ានរបស់សម្ដេចតេជោជាពិសេសចំពោះវិធានការនៅប្រទេសមីយ៉ាន់ម៉ា ។

លោក KITAOKA Shinichi បានថ្លែងបែបនេះនៅក្នុងឱកាសត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការកួរសមនិងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖លោក KITAOKAបានគោរពសម្ដែងនូវការដឹងគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោដែលបានផ្ញើសាររំលែកមរណៈទុក្ខរបស់ឯកឧត្តម ហ្សិនសូ អាបេ ។

លោក KITAOKA មានប្រសាសន៍បន្តថាកម្ពុជាជា ដៃគូយ៉ាងសំខាន់របស់ជប៉ុន ។ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការច្រើនហើយឈរលើមូលដ្ឋានការយល់គ្នាទៅវិញទៅមកលទ្ធភាពល្អនិងជាពិសេសប្រសិទ្ធភាពការងារ របស់រដ្ឋាភិបាលទាំងពីរធ្វើឲ្យគេសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទទួលបានជោគ ជ័យ។

លោក KITAOKA បានឆ្លៀតឱកាសនោះសំដែងនូវការគោរពនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំជាប្រធានអាស៊ានរបស់សម្ដេចតេជោជាពិសេសចំពោះវិធានការនៅប្រទេ សមីយ៉ាន់ម៉ា ។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោក KITAOKA ថាលោក អាបេ ជាអ្នកមានគុណសម្រាប់យើងនិងប្រទេសទាំងពីរ ។

លោក អា បេបានបន្សល់ទុកនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជាក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ។ក្រៅពីជួយកម្ពុជា តាមរយៈជំនួយរដ្ឋាភិបាលលោក អាបេ ក៏បានជួយកម្ពុជាតាមរយៈការកសាងសាលារៀនឲ្យកម្ពុជា តាមរយៈសមាគមសភាជប៉ុនផងដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកថាលោក អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារតំបន់ក៏ដូចជាការងារមនុស្សធម៌ផងដែរ។លោក អាបេ តែងតែឆ្លៀតប្រជុំ ជប៉ុន-មេគង្គ យ៉ាងទៀងទាត់ទោះមានការមមារញឹកយ៉ាងណាក៏ដោយ ។

សម្ដេចតេជោមានប្រសាសន៍បន្ថែមថាការបាត់បង់ លោក អាបេ គឺជាការបាត់បង់មិត្តភក្កិម្នាក់ដែលធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបាក ៕

ដកស្រង់ពី៖ រស្មីកម្ពុជា