បណ្តាញសង្គម

កម្ពុជា និង​តួ​ក​គី ឯកភាព​បង្កើត​ជើងហោះហើរ​ត្រង់ នាពេល​ឆាប់ៗ​

ភ្នំពេញ៖ កម្ពុជា-តួកគី បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ បន្ថែមទៀត ជាពិសេសបង្កើតជើងហោះហើរត្រង់ នាពេលឆាប់ៗ។

ការសន្យានេះ ធ្វើឡើងនាឱកាសដែលឯកអគ្គរដ្ឋទូតថ្មី នៃស្ថានទូតតួកគី ប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ជួបពិភាក្សាការងារ ជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

លោក រដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនលោកស្រី ឯកអគ្គរដ្ឋទូត អំពីស្ថានភាពទេស ចរណ៍កម្ពុជា ដែលកំពុងងើបឡើងវិញបណ្ដើរៗ តាមរយៈការខិតខំស្ដារ និងលើកស្ទួយ វិស័យទេសចរណ៍ឡើងវិញ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ប្រការនេះ បានជំរុញឱ្យកម្ពុជា ទទួលបានភ្ញៀវអន្តរជាតិជិត ១ លាននាក់ (កើនឡើង ៧២០%) ត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២។

លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ បានកោតសរសើរអំពីភាពល្អប្រសើរ នៃការគ្រប់គ្រង ស្ថានភាពកូវីដ ១៩ នៅកម្ពុជា ការគោរពបាននូវវិធានការសុខាភិបាលរបស់ប្រជាជន កម្ពុជា ការយកចិត្តទុកដាក់ ចំពោះសុខភាព អាយុជីវិតរបស់ប្រជាជន តាមរយៈគោល នយោបាយចាក់ស្រោចវ៉ាក់សាំង និងការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ របស់រាជរដ្ឋាភិបាល។

លោកស្រី ក៏ពេញចិត្តជាខ្លាំងចំពោះ ភាពរួសរាយរាក់ទាក់របស់ ប្រជាជនកម្ពុជា គឺដូចការផ្សព្វផ្សាយ នៅក្រៅប្រទេសពិតមែន។ លោកស្រី បានបង្ហាញអារម្មណ៍ មានភាពកក់ក្ដៅ មានសុវត្ថិភាព ក្នុងការមករស់នៅ និងបំពេញបេសកកម្ម នៅកម្ពុជានេះ ហើយមានចំណាប់អារម្មណ៍ខ្លាំង ចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ពិសេសតំបន់បេតិកភណ្ឌអង្គរ។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ថោង ខុន ភាគីកម្ពុជា-តួកគី ឯកភាពគ្នាជំរុញ ការអនុវត្ត នូវកិច្ចព្រមព្រៀង ស្ដីពីវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខារួចរាល់ នៅប្រទេសតួកគី កាលពីឆ្នាំ២០១៨ និងបានរៀបចំក្រុមការងារអនុវត្តរួចហើយដែរ ធ្វើយ៉ាងណា អនុវត្តឱ្យបានប្រសិទ្ធភាព ផ្លែផ្កា និងផ្ដល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថាៈ កិច្ចព្រមព្រៀង ស្ដីពីវិស័យទេសចរណ៍នោះ គឺផ្ដោតលើការជំរុញចលនាទេសចរ ទៅវិញទៅមក ពិសេស គឺការតភ្ជាប់ជើងហោះហើរត្រង់ រវាងកម្ពុជា-តួកគី។

លោកបានមានប្រសាសន៍ថាៈ «ក្នុងអាណត្តិដែលលោកស្រី បំពេញបេសកកម្ម នៅកម្ពុជា លោកស្រី ឯកអគ្គរដ្ឋទូតតួកគី បានសន្យាសម្រេចឱ្យបាន នូវការតភ្ជាប់ ការហោះហើរត្រង់ កម្ពុជា-តួកគី ពីព្រោះដើម្បីជំរុញឱ្យមានកំណើនទេសចរទៅបាន ចាំបាច់ត្រូវមានការដឹកជញ្ជូន»។

លោករដ្ឋមន្ត្រី បានអះអាងថាៈ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ គឺសុទ្ធតែអាចឱ្យយន្តហោះខ្នាតធំ ចុះចតបាន ដូច្នេះការចុះចតយន្តហោះ ដែលមកពីតួកគីនោះ គឺមិនមែនជាបញ្ហាឡើយ។

ពិសេសជាងនេះ ភាគីទាំងពីរ ក៏បានលើកឡើងពីការជំរុញឱ្យមានបណ្ណទេសចរណ៍ ពណ៌បៃតង (Green Pass) ដែលនឹងជួយសម្រួល ដល់ការធ្វើដំណើរ ការស្នើសុំទិដ្ឋការចេញ/ចូល របស់ភ្ញៀវទេសចរ ក៏ដូចជា ការធ្វើដំណើរកម្សាន្ត នៅក្នុងប្រទេសទាំងពីរ។

ក្រៅពីនេះ កិច្ចព្រមព្រៀង ក៏ផ្ដោតលើការជំរុញអ្នកវិនិយោគ ក្នុងវិស័យទេសចរណ៍ ខណៈតួកគី គឺមានអ្នកវិនិយោគច្រើនដែរ ហើយកម្ពុជា-តួកគី ក៏ត្រូវបន្តការបណ្ដុះបណ្ដាល ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការផ្លាស់ប្ដូរទស្សនកិច្ច រវាងមន្ត្រីរាជការប្រទេស ទាំងពីរ ជាដើម៕

ដកស្រង់ពី៖ រស្មីកម្ពុជា