បណ្តាញសង្គម

ក្រសួងកសិកម្ម​រៀបចំ​សិក្ខាសាលា ផ្សព្វផ្សាយ​អំពី​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​

ភ្នំពេញៈ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២ បានរៀបចំពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រីបានបានវាយតម្លៃខ្ពស់ ចំពោះសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនផ្នែកកសិកម្ម រៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ដើម្បីផ្សព្វផ្សាយដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ដែលកំពុងចូលរួមក្នុងវិស័យកសិកម្មបានស្វែងយល់ និងពង្រីកសកម្មភាពកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពឱ្យបានកាន់តែទូលំទូលាយថែមទៀត។

លោកបានបន្តថា សុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុតសម្រាប់កសាងខឿនសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិ។ កំណើនសេដ្ឋកិច្ចកម្ពុជា

ជាងពីរទសវត្សរ៍កន្លងមកទទួលបានក្នុងរង្វង់ជាង៧%ក្នុងមួយឆ្នាំ ប៉ុន្តែដោយសារវិបត្តិជាសាកលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចជាតិយើងមានការធ្លាក់ចុះក្នុងអត្រា -៣,១% នៅឆ្នាំ២០២០ និងបានធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ ទោះជាយ៉ាងណា ដោយសារមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្វែរវិបត្តិឱ្យទៅជាឱកាស

បានធ្វើឱ្យកម្ពុជាសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី ហើយរំពឹងថាកំណើនសេដ្ឋកិច្ចជាតិអាចសម្រេចបានក្នុងអត្រា៥,៤% ក្នុងឆ្នាំ២០២២នេះ ទោះបីមានការទទួលរងនូវផលប៉ះពាល់បន្ថែមពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម។

លោកបានបន្តថា ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់យកចក្ខុវិស័យប្រែក្លាយ “កសិកម្មកម្ពុជា ជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការកាត់បន្ថយរហោស្ថានកម្ម ការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព និងភាតរៈបរិស្ថាន រួមទាំងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថាប័ន សេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម”។

លោកបានបន្តថា ចក្ខុវិស័យនេះត្រូវបានឆ្លុះបញ្ចាំងបានរយៈការផ្លាស់ប្តូរឥរិយាបថរបស់កសិករទៅជាកសិ-ពាណិជ្ជករប្រកបដោយភាពវៃឆ្លាតក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថល ដែលជាកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាបានការផ្គត់ផ្គង់ប្រព័ន្ធស្បៀង ទាំងបរិមាណ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ជាពិសេសក្នុងវិបត្តិនៃការរាតត្បាតដោយជំងឺកូវីដ-១៩នេះ។

លោកបន្ថែមថា កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពមានតួនាទីសំខាន់ក្នុងការបង្កើនភាពធន់ទ្រាំនៃប្រព័ន្ធផលិតកម្មដោយសារសម្ពាធជីវៈ និងអជីវៈ ព្រមទាំងផ្តល់ផលប្រយោជន៍ជាច្រើនដូចជាជួយកម្ចាត់ស្មៅ កែប្រែស្ថានភាពដី និងទប់ស្កាត់ការហូរច្រោះដីជាដើម ហើយយន្តការដែលបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនោះគឺតាមរយៈបង្កើតជាវេទិកាថ្នាក់ជាតិមួយតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”

សម្រាប់ផ្តល់ការគាំទ្រ និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមានៈ អង្គភាពស្រាវជ្រាវ គ្រឹះស្ថានអប់រំ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្តល់ពូជដំណាំ សហគមន៍កសិកម្ម អ្នកផ្តល់សេវាកម្មគ្រឿងយន្តកសិកម្ម និងដៃគូអភិវឌ្ឍន៍។ល។

អាចប្រាស្រ័យទាក់ទងគ្នា សហការគ្នា ដើម្បីលើកកម្ពស់កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា តាមរយៈការស្រាវជ្រាវ ការផ្សព្វផ្សាយចំណេះដឹង ការសម្របសម្រួល និងការចងក្រងបណ្តាញការងារ ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាប្រកបដោយប្រសិទ្ធផល។

ជាលទ្ធផល តាមរយៈការសម្របសម្រួលដោយសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យផ្ទៃដីអនុវត្តតាមបែបកសិកម្មអភិរក្សនៅតាមបណ្តាខេត្តគោលដៅ រួមមានខេត្តបាត់ដំបង (ស្រុករតនៈមណ្ឌល ស្រុកបាណន់ និងស្រុកសង្កែ)

ខេត្តកំពង់ធំ (ស្រុកសន្ទុក) និងខេត្តព្រះវិហារ (ស្រុករវៀង) មានចំនួនកើនឡើងគួរឱ្យចាប់អារម្មណ៍ គឺមានផ្ទៃដីប្រមាណ៥០០ ហិកតានៅឆ្នាំ២០១៩ កើនឡើងដល់ ១ ៣៩៣ហិកតានៅឆ្នាំ២០២០ និងជាង២ ០០០ហិកតា នៅឆ្នាំ២០២១នេះ។