បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអ.ស.ប លើកទី៧៧នៅសហរដ្ឋអាមេរិក

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប)លើកទី៧៧នៅសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នេះ ដែលជាថ្ងៃកាន់បិណ្ឌទី១១នៃពិធីបុណ្យភ្ជុំបិណ្ឌ ។

តាមកម្មវិធីដែលបានគ្រោងទុកសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលទៅចូលរួមមហាសន្និបាតអ.ស.បលើកទី៧៧នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃ ទី២១ដល់ថ្ងៃ២៨ ខែកញ្ញា។

សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអ.ស.ប ក្រោមប្រធានបទ”ចំណុចរបត់សំខាន់ នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន÷ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា”ចាប់ ពីថ្ងៃទី២១ដល់២៣ខែកញ្ញានៅទីក្រុងញូវយ៉ក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជានៅក្នុងកិច្ចពិភាក្សាទូទៅរបស់ មហាសន្និបាតអង្គការសហប្រជាជាតិ។

បទអន្តរាគមន៍នេះនឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីគោលនយោបាយឌីជីថល

និងសេដ្ឋកិច្ចបៃតងព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានិងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយ លោក អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ឆាលស៍

មីឆែលប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតហើយនិងថ្នាក់ដឹកនាំផ្សេង ទៀតផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា