បណ្តាញសង្គម

មន្ត្រី​កម្ពុជា និង​តំណាង អ​.​ស​.​ប​. បានចេញ​សេចក្តី​ថ្លែង​ការរួម​គ្នា ស្តីពី អ​.​វ​.​ត​.​ក​.

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាងលោក ឧបនាយករដ្ឋមន្ត្រី ប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការកាត់សេចក្តី

របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ជាមួយឧបការី អគ្គលេខាធិការ ទទួលបន្ទុកកិច្ចការច្បាប់របស់ អង្គការសហប្រជាជាតិ (អ.ស.ប.) និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ។

ជំនួបពិភាក្សាការងារនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ក្នុងជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានជួបជាមួយឧបការី អគ្គលេខាធិការ អ.ស.ប.

ទទួលបន្ទុកកិច្ចការច្បាប់របស់ អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារ របស់អង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក.)

និងមុខងារសេសសល់ ក្រោយតុលាការ ដែលនឹងមកដល់ ក្នុងពេលខាងមុខនេះ។ ជាមួយគ្នានេះ ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរ ក៏បានឯកភាពគ្នាចេញសេចក្តីថ្លែង ការណ៍រួមមួយ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ។

ក្នុងសេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថាៈ ចាប់តាំងពី អ.វ.ត.ក. បានបង្កើតឡើង នៅឆ្នាំ២០០៦ មក អ.វ.ត.ក. បានទទួលភស្តុតាងពីជនរងគ្រោះ ជាង ១០.៣០០ នាក់

បានចេញសេចក្តីសម្រេចជាង ១.៣៤៥ និងបានបង្កើតកំណត់ហេតុ តាមផ្លូវតុលាការ និងប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ចំនួនជាងបីលានទំព័រ។

អង្គជំនុំជម្រះ គ្រោងនឹងបញ្ចប់ សំណុំរឿងទាំងអស់ ត្រឹមបំណាច់ ឆ្នាំនេះ។

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហ ប្រជាជាតិ បានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញ នឹងបំពេញមុខងារសេសសល់ របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៣។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការ អ.ស.ប. បានស្វាគមន៍ចំពោះ វឌ្ឍនភាពការងារ យ៉ាងធំធេងរបស់ អ.វ.ត.ក.។ លើសពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីមុខងារសេសសល់ដែល អ.វ.ត.ក. ត្រូវបំពេញ នៅពេលបញ្ចប់កិច្ចដំណើរការនីតិវិធី តាមផ្លូវតុលាការរបស់ខ្លួន។

គោលបំណងមួយ ក្នុងចំណោមគោលបំណងសំខាន់នានា នៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរតំណែល អ.វ.ត.ក. រួមទាំងតាមរយៈការអនុញ្ញាតឱ្យសាធារណជន អាចចូលពិនិត្យមើលព័ត៌មាន នៅក្នុងបណ្ណសាររបស់ អ.វ.ត.ក. បានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មាន អំពីការងាររបស់ អ.វ.ត.ក.។

ក្នុងនាមរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ យើងសូមបន្តការគាំទ្រ ដល់ការងារផ្នែកគុណការ ដ៏មានសារសំខាន់របស់អង្គជំនុំជម្រះវិសាមញ្ញ និងការងារសេសសល់ ដែលនឹងដំណើរការ នាពេលខាងមុខ” ។

លោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់នូវការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ថវិកា ដល់អង្គជំនុំជម្រះវិសាមញ្ញ និងសូមសម្តែងនូវការកោតសរសើរ ដោយស្មោះ

ចំពោះការគាំទជាយូរអង្វែងពី អ.ស.ប. និងម្ចាស់ជំនួយរបស់ អ.វ.ត.ក. ហើយថា ការងាររបស់ អ.វ.ត.ក. មិនអាចដំណើរការទៅមុខ ដោយគ្មានជំនួយពី អ.ស.ប. និងម្ចាស់ជំនួយទាំងនោះបានឡើយ។

លោកបានជំរុញឱ្យបណ្ដារដ្ឋ ជាម្ចាស់ជំនួយ មេត្តាផ្តល់ការគាំទ្រដើម្បីឱ្យមាន ការផ្សព្វផ្សាយព័ត៌មាន ឱ្យបានកាន់តែទូលំទួលាយ ដល់សាធារណជនកម្ពុជា

– ជាពិសេស ជនរងគ្រោះនៃរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយ នៅកម្ពុជា គាំទ្រដល់ចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ និងបញ្ចៀសមិនឲ្យអំពើព្រៃផ្សៃ ពីអតីតកាល កើតឡើងសាជាថ្មី។ ជាមួយគ្នានេះ លោកឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់ បានសម្តែងនូវសេចក្ដីសោមនស្សដែល បានមកទស្សនកិច្ច នៅក្នុងព្រឹត្តិការណ៍ ដ៏សំខាន់នេះ។

ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ធ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរួមគ្នា របស់រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីធានានូវ គណនេយ្យភាព ចំពោះឧក្រិដ្ឋកម្មនានា ដែលបានប្រព្រឹត្តនៅក្នុងអំឡុងរបបខ្មែរក្រហម ព្រមទាំងធានានូវយុត្តិធម៌ សម្រាប់ជនរងគ្រោះ។

លោកឧបការីអគ្គលេខាធិការ អ.ស.ប. ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់អង្គការ សហប្រជាជាតិផងដែរ ក្នុងការបន្តគាំទ្រដល់ អ.វ.ត.ក. នៅក្នុងអំឡុងដំណាក់កាល អនុវត្តមុខងារសេសសល់ និងបានសង្កត់ធ្ងន់នួវ សារសំខាន់ នៃការថែរក្សាកេរតំណែល អ.វ.ត.ក សម្រាប់ប្រជាជនកម្ពុជា។

លោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការី អគ្គលេខាធិការ អ.ស.ប. នឹងចូលរួមស្ដាប់ការប្រកាសសាលដីកាស្ថាពរ

នៅក្នុងសំណុំរឿងចុងក្រោយ នៅ អ.វ.ត.ក. ប្រឆាំងនឹងអតីតប្រមុខរដ្ឋ នៃរបបកម្ពុជា ប្រជាធិបតេយ្យ ខៀវ សំផន ដែលនឹងកំណត់ពេលដំណើរការ នៅថ្ងៃស្អែក (ថៃ្ងព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ ២០២២)។

បន្ទាប់មក ភាគីទាំងពីរ នឹងធ្វើសេចក្ដីថ្លែងការណ៍ ជាសាធារណៈរបស់ខ្លួន នៅបរិវេណ អ.វ.ត.ក. ៕

 ដកស្រង់ពី៖ រស្មីកម្ពុជា