បណ្តាញសង្គម

ព្រឹកថ្ងៃនេះភាពយន្តចម្រៀង ស្តីពីជីវិតសម្តេចតេជោ ហ៊ុន សែន ពេលនៅជាក្មេងវត្តដាក់បង្ហាញជាផ្លូវការ

(ភ្នំពេញ)៖ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាភាពយន្តចម្រៀងបង្ហាញពីជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេលផ្ញើខ្លួននឹងព្រះសង្ឃ ដើម្បីសិក្សារៀនសូត្រក្នុងរាជធានីភ្នំពេញ នឹងត្រូវបង្ហាញជូនសាធារណជននៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះហើយ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញផ្សព្វផ្សាយរបស់ Fresh News ក៏ដូចជាបណ្តាញផ្សព្វផ្សាយដទៃទៀត។

ពិធីសម្ពោធភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ពិធីនោះក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ព្រមទាំងអ្នកសិល្បៈជាច្រើនរូបទៀត។ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» មានរយៈពេលប្រមាណជាង៣០នាទី។

ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» លាតត្រដាងពីជីវិតតស៊ូរបស់សម្តេចតេជោ នៅពីកុមារភាពឃ្លាតឆ្ងាយឪពុកម្តាយ និងភូមិស្រុក មកផ្ញើវាសនានឹងព្រះសង្ឃក្នុងទីអារាមនៅរាជធានីភ្នំពេញ ដើម្បីស្រវាវិជ្ជា។

ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដឹកនាំផលិតដោយ លោកស្រី ចន ច័ន្ទលក្ខិណា, លោកឧកញ៉ា ហេង ឡុង និងលោកឧកញ៉ា អ៉ឹង លីហេង។ ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង និងឧបត្ថម្ភសម្ភារ កាមេរ៉ាថតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រសូត្រនៅថ្ងៃអង្គារ ១៥កើត ព្រះចន្ទពេញបូណ៌មី ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានធំធាត់ និងសិក្សានៅក្នុងស្រុកភូមិ រហូតដល់ឆ្នាំ១៩៦៤ បានមករស់នៅក្នុងវត្តនាគវ័ន្ត ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រៈទេវី ក្នុងវ័យទើបតែ ១២ឆ្នាំប៉ុណ្ណោះ។

វ័យ ១២ឆ្នាំ ជាវ័យដែលត្រូវទទួលបានការថ្នាក់ថ្នមបីបមខ្ពស់ពីឪពុកម្តាយ តែដោយសារស្ថានភាពស្រុកទេសខ្វះសាលារៀន ក៏ត្រូវបង្ខំឱ្យលោកឪពុកអ្នកម្តាយ សម្រេចបញ្ជូនកុមារា ហ៊ុន បូណាល់ (ឈ្មោះពីកំណើតរបស់សម្តេចតេជោ) មកស្នាក់នៅក្នុងវត្តនារាជធានីភ្នំពេញ ដើម្បីស្វះស្វែងរកវិជ្ជាជាទុនសម្រាប់ជីវិត។

ជីវិតជាកូនកសិករក្រខ្សត់មករៀនក្នុងរាជធានីភ្នំពេញ ដែលពោរពេញដោយភាពស៊ីវិល័យ ធ្វើឱ្យកុមារា ហ៊ុន បូណាល់ ជួបនូវសម្ពាធជាច្រើនក្នុងជីវិតទាំងការហូបចុក និងការសិក្សារៀនសូត្រ។

បន្ថែមពីលើនោះ កុមារា ហ៊ុន បូណាល់ ក៏ទទួលរងការប្រមាថមើលងាយពីកូនមន្ត្រី និងកូនអ្នកមានធនធានក្នុងរាជធានីភ្នំពេញមួយចំនួនផងដែរ។

បទពិសោធន៍ជីវិតរងការប្រមាថមួយនេះ ធ្វើឱ្យសម្តេចតេជោ តែងអប់រំកូនៗឱ្យចេះឱនលំទោន និងមិនត្រូវប្រមាថមើលងាយអ្នកក្រខ្សត់ជាដាច់ខាត។

បទចម្រៀង «ជីវិតក្មេងវត្ត» ដែលជាស្នាដៃនិពន្ធដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន គឺជាលើកបង្ហាញនូវជីវិតតស៊ូមួយនៅក្នុងជីវិតរបស់សម្តេច ហើយក៏ជាចំណែករុញច្រានឱ្យជីវិតសម្តេចទទួលបានជោគជ័យ និងមានភាពល្បាញល្បីរហូតដល់សព្វថ្ងៃផងដែរ។

ប្រសិនបើសម្តេចមិនតស៊ូ និងជម្នះការលំបាកទាំងឡាយក្នុងវ័យកុមារភាពទេនោះ សម្តេចតេជោ ក៏មិនអាចស្វែងរកចំណេះមកទ្រទ្រង់ជីវិតឱ្យបានល្បីរន្ធឺដូចពេលបច្ចុប្បន្ននេះឡើយ៕

ដកស្រង់ពី៖ Fresh News