បណ្តាញសង្គម

សម្តេចតេជោ ព្រួយបារម្ភពីភាពទន់ខ្សោយវិស័យកីឡាក្នុងទ្វីបអាស៊ី មិនអាចចូលរួមប្រកួតវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ World Cup

រាជធានីភ្នំពេញ ៖ នៅចំពោះមុខថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកវិស័យកីឡាក្នុងបណ្តាប្រទេសនាទ្វីអាស៊ីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាសម្តែងការព្រួយបារម្ភចំពោះភាពទន់ខ្សោយក្នុងវិស័យកីឡាក្នុងទ្វីបអាស៊ីដោយមិនអាចចូលរួមប្រកួតវត្តកណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតWorld Cupបាន។

នាឱកាសអញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានចោទសួរថា តើហេតុអ្វីទៅបានជាកីឡារនៅទ្វីបអាស៊ីនៅទន់ខ្សោយ?

ជាពិសេសបាល់ទាត់ សូម្បីវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ World Cup ក៏ពិបាកចូលដែរ ខណៈមានប្រទេសមួយចំនួនតូចប៉ុណ្ណោះអាចចូលវគ្គជម្រុះ World Cup ជារៀងរាល់ពេល។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ៖«ក្នុងពេលជំនួបជាមួយ ប្រធានក្រុមប្រឹក្សា OCA មិញនេះខ្ញុំបានលើកឡើងចំណុចចំនួន២ ទីមួយអាស៊ីរបស់យើងគួរតែពិនិត្យថា តើហេតុអ្វីទៅបានជាកីឡាររបស់ទ្វីបរបស់យើងនៅទន់ខ្សោយ?

ជាពិសេសបើពិនិត្យអំពីបាល់ទាត់យើងពិនិត្យឃើញថា ក្នុងតំបន់របស់យើងគ្រាន់តែចិន និងឥណ្ឌា គឺមានប្រជាជនជិត៣ពាន់លាននាក់បូកនឹងអាស៊ានប្រមាណ៦០០លាននាក់ទៀត និងបូកបណ្ដាប្រទេសនានា គឺប្រជាជនច្រើនណាស់។

ប៉ុន្ដែបើនិយាយបាល់ទាត់ សូម្បីតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយើងក៏ពិបាកចូល ហើយក៏មានតែប្រទេសចំនួនតូចប៉ុណ្ណោះ ដែលបានអាចចូលទៅក្នុងវគ្គជម្រុះ World Cup ជារៀងរាល់ពេល»។

សម្ដេចតេជោ បន្ដថា ចំពោះ World Cup ឆ្នាំ២០២២នេះវិញ សម្ដេចពិតជារីករាយព្រោះក្នុងតំបន់ទ្វីបអាស៊ីមានព្រឹត្តិការណ៍ World Cup នៅកាតា។

សម្ដេចក៏សង្ឃឹមថា ក្រោយបញ្ចប់ការប្រកួតនឹងទទួលបានផ្លៃផ្កាពីការប្រកួត World Cup នៅទីនោះ ក៏ប៉ុន្ដែអ្វីគួរសិក្សាបន្ថែម គឺតើមានមូលហេតុអ្វីខ្លះ?

ដែលប្រជាជនចំនួនដ៏ច្រើនបែរជាកីឡារទន់ខ្សោយជាងទ្វីបដ៏ទៃ?បើប្រៀបធៀបជាមួយទ្វីបអឺរ៉ុប និងទ្វីបអាមេរិក គឺទ្វីបអាស៊ីមានភាពទន់ខ្សោយជាងគេដែលចំណុចដែលត្រូវគួរសិក្សាបន្ថែមទៀត។

សម្ដេចតេជោ រំលឹកថា មានប្រជាជនច្រើនមិនប្រាកដកីឡាខ្លាំងនោះទេ ហើយប្រជាជនតិចមិនប្រាកដថា កីឡាទន់ខ្សោយនោះទេ ហើយនេះជារឿងបានកើតឡើងក្នុងតំបន់អាស៊ី។

ពាក់ព័ន្ធនឹងបញ្ហាកីឡានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងពីការពង្រឹងវិធានការក្នុងពេលការប្រកួតព្រោះថា នាពេលថ្មីៗនេះនៅឥណ្ឌូនេស៊ី មានការរត់ជាន់គ្នាស្លា.ប់ជាច្រើននាក់ក្នុងពេលការប្រកួតបាលទាត់។

សម្ដេចតេជោបានគូសបញ្ជាក់ថា «សម្រាប់ចំណុចទីពីរ គឺជាចំណុចអំពីវិធានការនៃការពង្រឹងក្រមសីលធម៌នៃការប្រកួត ហេតុអ្វីទៅ ដោយសារតែបញ្ហាការប្រកួតយើងឃើញថា សោកនាដកម្មមួយចំនួន បានកើតឡើង ជាពិសេសថ្មីៗនេះនៅឥណ្ឌូនេស៊ីអំពីហិ.ង្សា និងការរត់ជាន់គ្នាស្លា.ប់នៅប្រទេសមួយចំនួននៅអឺរ៉ុបក៏មានព្រឹត្តិការណ៍កើតឡើងនៅទ្វីបដទៃក៏មានព្រឹត្តិការណ៍កើតឡើង»។

សម្ដេចតេជោបន្ថែមថា ដូច្នេះចាំបាច់ណាស់ ត្រូវពង្រឹងក្របខ័ណ្ឌក្រមសីលធម៌ អំពីការប្រកួត វាមិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែរំលោភបំពានទៅលើលក្ខខ័ណ្ឌ នៃការប្រកួត ឬប្រើអំពើហិ.ង្សានោះទេ។

ជាមួយគ្នានោះដែរសម្ដេចថា នៅទ្វីបអាស៊ីមានភាពទន់ខ្សោយ នៃផ្នែកកីឡាពិតមែន ក៏ប៉ុន្ដែមិនត្រូវមានទុនខ្សោយ ក្នុងផ្នែកសលីធម៌ក្នុងការគ្រប់គ្រងខាងកីឡានោះឡើយ៕

ដកស្រង់ពី៖ កោះសន្តិភាព