បណ្តាញសង្គម

នាយករដ្ឋមន្ត្រីកម្ពុជាថ្កោលទោស និងសោកស្តាយចំពោះការ បា.ញ់មីស៊ីលដោយកូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការសោកស្តាយចំពោះការបា.ញ់មីស៊ីល ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។

នុងពេលជួបពិភាក្សាទ្វេភាគីជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបា.ញ់មីស៊ីលឆ្លងកាត់ប្រទេសជប៉ុនដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាសាសន៍ថា ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាមួយគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបញ្ចេញទស្សនៈចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរថា

«កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្ត្រយល់អំពីការព្រួយបារម្ភផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហាប៉ុន្តែសម្តេចតេជោ នាយករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាមិនយល់ស្របចំពោះការចូលលុកលុយប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះពីប្រទេសអធិបតេយ្យមួយនោះទេ។

កម្ពុជាក្នុងនាមជាប្រទេសតូច ប្រកាន់នូវការគោរពអធិបតេយ្យ បូរណភាពដែនដី និងឯករាជ្យភាព នយោបាយនៃរដ្ឋសមាជិក និងធម្មនុញ្ញអ.ស.ប»។

ក្នុងជំនួបនោះដែរ នាយករដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរមតិពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ និងបានប្តេជ្ញាពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-គុយបា ចំណងមិត្តភាព និងសហប្រតិបត្តិការ លើវិស័យជាច្រើនមានដូចជា វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម និងទំនាក់ទំនងលើឆាកអន្តរជាតិ៕

ដកស្រង់ពី៖ កោះសន្តិភាព