បណ្តាញសង្គម

សម្ដេចតេជោ ៖ ពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ អាចនឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ អំឡុងពេលមានសម្ពាធអតិផរណា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា តាមការប៉ាន់ស្មានមានប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ ឬស្មើនឹង ២លាននាក់ អាចនឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្រោយពីរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩»

នាព្រឹកថ្ងៃទី ៦ ខែតុលានេះថា កាលពីថ្ងៃម្សិល មិញ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំ និងដាក់ឲ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរង ហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា»

ដែលជាយន្ដការថ្មី នៃការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «សេចក្ដីសម្រេចនេះ ខ្ញុំបានចុះហត្ថលេខាពីម្សិល ហើយសង្ឃឹមថា អង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ ធ្វើកិច្ចការងារនេះដោយរូសរាន់ ដែលប្រជាជននឹងអាចទទួលបាននូវផលប្រយោជន៍ ក្នុងរយៈពេលដ៏ឆាប់»។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋ ដែលអាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលមានសម្ពាធ អតិផរណា អាចមានប្រមាណ ៦០ម៉ឺនគ្រួសារ ហើយស្មើនឹងប្រមាណ ២លាននាក់។

សម្ដេចតេជោ បានបន្ថែមថា «ប្រជាពលរដ្ឋទាំងនេះ អាចគ្របដណ្ដប់រហូតដល់ ៦០ម៉ឺនគ្រួសារ និងប្រជាជនប្រមាណ ២លាននាក់ ដែលពួកគាត់រងផលប៉ះពាល់ចេញពីអតិផរណា ដែលរឿងវាចាប់ផ្ដើមពីសង្រ្គាមរុស្ស៊ី វាយលុកចូលអ៊ុយក្រែន ហើយចាប់ផ្ដើមពីទណ្ឌកម្មហួសកម្រិត ដែលធ្វើឲ្យពិភពលោក ជ្រួលច្របល់ទៅលើបញ្ហាអតិផរណា»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «យើងមិនអាចទុកឲ្យប្រជាពលរដ្ឋរបស់យើង រងគ្រោះដោយសារតែ អតិផរណានោះទេ ដូច្នេះជាភ័ព្ធសំណាងដែលយើងមានសល់ទុនក្នុងដៃមួយចំនួន ដើម្បីអន្តរាគមន៍ជួយប្រជាជន ដែលរងផលប៉ះពាល់»៕

ដកស្រង់ពី៖ កម្ពុជាថ្មី