បណ្តាញសង្គម

គយកំពុងស្នើសុំរាជរដ្ឋាភិបាលក្នុងការពន្យាពេលបន្ថែមលើការបង់ពន្ធរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក

ភ្នំពេញ៖លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា អង្គភាពគយកំពុងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការពន្យារពេលការបង់ពន្ធអាករចំពោះរថយន្តចង្កូតស្តាំដែលមានស្រាប់ក្នុងស្រុកខណៈថ្ងៃឱសានុវាទនឹងឈានមកដល់នាថ្ងៃទី៨ ខែតុលាខាងមុខ។

បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃការប្រមូលពន្ធអាករមានស្រាប់ក្នុងប្រទេស កាលពីព្រឹកថ្ងៃទី៥ ខែតុលាម្សិលមិញនេះលោកបណ្ឌិតបានលើកឡើងថា «យើងគ្រោងលើកសំណើរជូនថ្នាក់ដឹកនាំពិនិត្យនិង សម្រេចក្នុងការពន្យារពេល។ រយៈពេលប៉ុន្មានយើងនឹងសុំមតិយោបល់ យើងបានគិតគូរល្អិតល្អន់ដែរអំពីស្ថានភាព និងមូលហេតុដែលថ្នាក់ដឹកនាំគយស្នើសំណើសុំពន្យារនេះ»។

លោកបន្តថា ការស្នើសុំអនុគ្រោះនេះ បន្ទាប់ពីបានមើលឃើញពីផលលំបាករបស់ម្ចាស់រថយន្តចង្កូតស្តាំ និងដើម្បីឲ្យម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួចហើយមិនទាន់មកបង់ពន្ធអាករអាចមានលទ្ធភាពសន្សំថវិកាយកមកបង់ពន្ធអាករ។លោកឲ្យដឹងទៀតថា«រដូវភ្លៀងយើងបានដឹងទាំងអស់គ្នាហើយការដ្ឋានដីគឺធ្លាក់ចុះអាជីវកម្ម ដែលមិនអាចយកមកដើម្បីប្រើប្រាស់បង់ពន្ធអាករទេ»។

លោកបណ្ឌិត បានបន្តថា គិតត្រឹមល្ងាចថ្ងៃទី៤ ខែតុលា រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅកម្ពុជាមានចំនួន ៥ ៩៧៦គ្រឿងដែលបានមកបំពេញកាតព្វកិច្ចពន្ធនិងអាករក្នុងចំណោមរថយន្តចង្កូតស្តាំមានស្រាប់សរុបជិតមួយម៉ឺនគ្រឿងដែលបានចុះបញ្ជី។

ចំណូលដែលបានមកពីការប្រមូលពន្ធអាកររថយន្តចង្កូតស្តាំជិតប្រាំមួយពាន់គ្រឿងនេះ មានចំនួនជិត ២០លានដុល្លារអាម៉េរិក។

លោកបញ្ជាក់ថា បច្ចុប្បន្នមន្ត្រីគយ បានទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្តាំនៅតាមព្រំដែនបានល្អប្រសើរ ដោយពុំមានករណីនាំចូលដូចមុនទៀតទេ។ បើរកឃើញរថយន្តចង្កូតស្តាំលួចនាំចូលមកកម្ពុជានោះអាជ្ញាធរនឹង ដកហូតភ្លាម៕

ដកស្រង់ពី៖ រស្មីកម្ពុជា