បណ្តាញសង្គម

កម្ពុជា​ឈាន​ទៅ​បង្កើត​ច្បាប់​គ្រប់គ្រងអាកាសយាន​គ្មានមនុស្សបើក (ដ្រូន)

កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធលើការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) សម្រាប់ធ្វើជាក្រឹតក្រមគតិយុត្ត ដើម្បីបម្រើដល់ការគ្រប់គ្រងយានដែលគ្មានមនុស្សបើកនៅកម្ពុជា។

លោក ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ

វិស័យអាកាសយានគ្មានមនុស្សបើក(ដ្រូន) នេះ មានការរីកដុះដាលយ៉ាងខ្លាំង ហើយចំពោះការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ក៏មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័យនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលលោករួមទាំងតំបន់ផងដែរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម សេវាកម្មដឹកជញ្ជូន វិស័យកសិកម្ម វិស័យសីល្បៈកម្សាន្ត ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការងារជួយសង្គ្រោះជាដើម។

នៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ ប្រទេសភាគច្រើនទាំងនៅក្នុងតំបន់អ៊ឺរ៉ុប និងអាស៊ី បានប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឆ្លើយតបលើដំណាំបាញ់ថ្នាំសម្លាប់សត្វល្អិត ថតពិនិត្យលើផលដំណាំ ដែលនាំឱ្យចំណេញពេលវេលា និងមិនបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស។

ក្រៅពីនេះនៅមានផលប្រយោជន៍ជាច្រើនផ្សេង ដូចជាការជួយសង្គ្រោះជីវិតមនុស្សសត្វ នៅពេលមានអគ្គិភ័យកើតឡើង ឬមានបាតុភូតធម្មជាតិផ្សេងៗ។

យ៉ាងណាមិញ បើទោះបីជាអាកាសយានគ្មានមនុស្សបើក (ដ្រូន) មានសារៈសំខាន់ជាច្រើន ផ្ទុយទៅវិញគេក៏អាចប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន សម្រាប់ប្រព្រឹត្តអំពើភេរវកម្ម ឬបទល្មើសនានា

ដូចជាការដាក់គ្រឿងបំផ្ទុះ ឬឧបករណ៍លួចថតឆ្លប់យកការណ៍ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ហេតុនេះ ដើម្បីធានាដល់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យការប្រើប្រាស់បានត្រឹមត្រូវ

និងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិតម្រូវឱ្យមានច្បាប់ ឬលិខិបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។

លោក ប៊ុន ហុន បានឲ្យដឹងបន្ថែមថា បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជានៅពុំទាន់មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននៅឡើយទេ បើប្រៀបធៀបទៅបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ដែលមានច្បាប់គ្រប់គ្រងរួចហើយ។

ក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះ បានដឹកអង្គភាពពាក់ព័ន្ធធ្វើការសិក្សាស្រាវជ្រាវនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើការគ្រប់គ្រង ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ពីបណ្តាប្រទេសជាច្រើននៅតំបន់អ៊ឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ី ដូចជានៅប្រទេស ជប៉ុន ចិន សឹង្ហបុរី ថៃ និងវៀតណាមជាដើម

ដើម្បីធ្វើជាមូលដ្ឋាននៅក្នុងការរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឡើង ក្នុងគោលបំណងគ្រប់គ្រងការប្រើប្រាស់នូវអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យបានត្រឹមត្រូវក្នុងបទដ្ឋានបច្ចេកទេស ធានាបានផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

បើតាមលោករដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យ អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននេះ បានរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងគ្រប់គ្រងការចុះបញ្ជី

ការនាំចូល ការផលិត ការតម្លើង ការកែច្នៃ ការកំណត់តំបន់ហាមឃាត់នូវការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ទាំងអស់ លើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

សេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាជាច្រើនលើករួចមកហើយទាំងអន្តរក្រសួង

និងក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួមហាផ្ទៃ ដែលបានប្រមូលយកនូវធាតុចូលពាក់ព័ន្ធជាច្រើន ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានសមស្រប

និងមានវិសាលភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ពី៖ កម្ពុជាថ្មី