បណ្តាញសង្គម

លោក ឌឹម សុវណ្ណារុំ អំពាវនាវពលរដ្ឋទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ចាប់ពីថ្ងៃទី២០ តុលា តទៅ

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់ប្រជាពល រដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

លោក ឌឹម សុវណ្ណារុំ អំពាវនាវបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការងារសន្តិសុខសម្រាប់ការពិនិត្យ និងចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។

ផ្អែកតាមប្រតិទិនរបស់ គ.ជ.ប គឺបានកំណត់កាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្ដើម ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខណៈការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងចាប់ផ្ដើមពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងដំណើរការនៅក្នុងកិច្ចប្រតិបត្តិការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២២នេះលោក ឌឹម សុវណ្ណារុំ បានលើកឡើងថា

អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវផ្ដល់កិច្ចសហការជាមួយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅក្នុងកិច្ចការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនេះឲ្យបានល្អប្រសើរ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ក៏បានដាក់ចេញផែនការអន្តរស្ថាប័នស្ដីពីកិច្ចការពារនៃការពិនិត្យ

និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំផងដែរ។បើតាមលោក ឌឹម សុវណ្ណារុំ ក្រៅពីផែនការអន្តរស្ថាប័ននេះ គឺ គ.ជ.ប ក៏បានស្នើសុំបន្តកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ

ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ ធានាបាននូវសណ្ដាប់ធ្នាប់

និងសុវត្ថិភាពសង្គម ជៀសវាងការរំខានអុកឡុក ការបំភិតបំភ័យ ការគំរាមកំហែង និងគ្មានអំពើហិង្សា ជាដើម។ ឆ្លៀតឱកាសនោះដែរ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តំណាងភាគីពាក់ព័ន្ធទាំងអស់

ជាពិសេសគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលនឹងចូលរួមដាក់តំណាងរបស់ខ្លួន ដើម្បីចូលរួមសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នាពេលខាងមុខនេះ ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី