បណ្តាញសង្គម

គណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅកោះបាលី

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពិនិត្យការអនុវត្ត ផែនការយុទ្ធសាស្រ្តដឹកជញ្ជូន កូឡាឡុំពូរ ២០១៦-២០២៥ (Kuala Lumpur Transport Strategic Plan 2016-2025, KLTSP-2025) ,

កំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់ ការអនុវត្តផែនការ KLTSP-2025 នៅក្នុងឆ្នាំ២០២៣ និងពិនិត្យសម្រេចលើ របាយការណ៍ នៃកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី៥៤ ដែលទើបបញ្ចប់ ថ្មីៗ។

កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៨ នេះ បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយ នៅគ្រប់វិស័យដឹកជញ្ជូនទាំងអស់ រួមមាន៖

(១) ការដឹកជញ្ជូនផ្លូវ អាកាស (២)ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ (៣) ការដឹកជញ្ជូនផ្លូវគោក (៤) ការសម្របសម្រួលការដឹកជញ្ជូន និង (៥) ការដឹកជញ្ជូន ប្រកបដោយនិរន្តរភាព។

ជាមួយគ្នានោះ អង្គប្រជុំ ក៏នឹងត្រៀមពិភាក្សាផងដែរ លើការងារដែលត្រូវអនុវត្តបន្ត ជាពិសេសកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសន្ទនានានា ដូចជា ជប៉ុន ចិន កូរ៉េ សហគមន៍អឺរ៉ុប ជាដើម ក្នុងគោលបំណងស្វែងរកប្រភពថវិកា និងជំនួយបច្ចេកទេស ដើម្បីភាពជោគជ័យ ក្នុងភារកិច្ចអនុវត្ត KLTSP-2025 ។

គួរកត់សម្គាល់ថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៨ នេះ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ចំនួនពីរគឺ៖ (១) កិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការរុករក និងសង្រ្គោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ (The ASEAN Agreement on Aeronautical and Maritime Search and Rescue Cooperation, SAR) និង (២)កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ

ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃ រដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង សហភាពអ៊ឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន (The ASEAN-EU Comprehensive Air Transport Agreement, AE CATA)៕

ដកស្រង់ពី៖ រស្មីកម្ពុជា