បណ្តាញសង្គម

សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនវិញប្រមាណ ៦ភាគរយ នៅឆ្នាំ២០២៣

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា កំណើនសេដ្ឋកិច្ចជាតិ នឹងសម្រេចបានក្នុងអត្រាប្រមាណ ៦% នៅឆ្នាំ២០២៣ខាងមុខ ខណៈឆ្នាំ២០២២នេះ រំពឹងថាសម្រេចបានក្នុងអត្រាកំណើនប្រមាណ ៥ % ដែលស្របការដាក់ចេញ និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មី។

នៅក្នុងពិធីផ្ទេរតំណែងលោក ឌិត ទីណា ជារដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២កន្លងទៅ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ បានមានប្រសាសន៍ថា

ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំប្រមាណ ៧% ក្នុងចន្លោះឆ្នាំ២០១០ ២០១៩។

លោកបានបន្តថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះដល់ -៣,១% ក្នុងឆ្នាំ២០២០ តែការដាក់ចេញ និងអនុវត្តនូវវិធានការរដ្ឋបាល

និងសុខាភិបាលប្រកបដោយភាពម៉ឺងម៉ាត់ និងប្រសិទ្ធភាពគួបផ្សំនឹងការអនុវត្តដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស

ដែលធ្វើឱ្យកម្ពុជាសម្រេចបានភាពស៊ាំសហគមន៍កម្រិតខ្ពស់ បានអនុញ្ញាតឱ្យកម្ពុជាបើកសកម្មភាពសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ មុនប្រទេសជាច្រើននៅក្នុងតំបន់ និងលើសកលលោក ចាប់តាំងពីចុងឆ្នាំ២០២១មក។

លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការដាក់ចេញ និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣

បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញក្នុអាត្រាប្រមាណ ៣% នៅឆ្នាំ២០២១ និង រំពឹងថាសម្រេចបាន ក្នុងអត្រាកំណើនប្រមាណជាង ៥% ក្នុងឆ្នាំ ២០២២ និងប្រមាណ ៦% ក្នុងឆ្នាំ ២០២៣ខាងមុខ៕/

ដកស្រង់ពី៖ រស្មីកម្ពុជា