រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម សម្ដេចតេជោ បានបញ្ជាក់ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្តតាមព្រំដែនឲ្យបានល្អជាទីបំផុត ជាពិសេសបញ្ហាសន្តិសុខសម្រួលដោះស្រាយលំហូរទំនិញសម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ដូចជា ៖ ការជួញដូរ រត់ពន្ធគ្រឿងញៀ.ន រត់ពន្ធមនុស្សជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ូ វ៉ាន់ធឿង (Vo Vanthoung) '
សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ក្នុងជំនួបលោក វ៉ូ វ៉ាន់ធឿង បានគោរពនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ និងបានគោរពវា.យតម្លៃខ្ពស់ចំពោះការរីកចម្រើន
និងការអភិវឌ្ឍរបស់កម្ពុជា។លោកបានលើកឡើងថា លោក និងប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺស្របពេលជាមួយនឹងខួប៥៥ឆ្នាំនៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងវៀតណាមផង និងខួប៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតផង
ហើយទិសដៅ សំខាន់របស់លោក និងប្រតិភូទាំងមូល គឺធ្វើយ៉ាងណាជំរុញពង្រីកពង្រឹងទំនាក់ទំនងរវាងបក្ស និងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងក្នុងន័យនេះឯកឧត្តមបានគោរពសូមគោលការណ៍ពីសម្ដេចតេជោ ៖
ទី១) ជំរុញទំនាក់ទំនងរវាងបក្ស និងបក្សឱ្យកាន់តែស៊ីជម្រៅនិងមានភាពជាក់ស្ដែង
ទី២) ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ
ទី៣) ជំរុញទំនាក់ទំនងរវាងខេត្ត និងរាជធានីរបស់ប្រទេសទាំងពីរ។
ទី៤)ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ
ទី៥) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិង ពាណិជ្ជកម្ម
និងទី៦) ជំរុញកិច្ចសហប្រតិបត្តិការលើក្របខណ្ឌតំបន់ និងពិភពលោកជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ូ វ៉ាន់ធឿង ដែលបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេច។សម្ដេចតេជោ បានគាំទ្រចំពោះសំណើទាំង ៦ចំណុច របស់ឯកឧត្តម វ៉ូ វ៉ាន់ធឿង។
សម្ដេចតេជោ បានមានប្រសាសន៍ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការ រវាងខេត្ត
និងខេត្តតាមព្រំដែនឲ្យបានល្អ ជាទីបំផុត ជាពិសេសបញ្ហាសន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ដូចជា ៖ ការជួញដូរ រត់ពន្ធគ្រឿងញៀ.ន រត់ពន្ធមនុស្សជាដើម៕
ដកស្រង់ពី៖ កោះសន្តិភាព