បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង សម្ពោធដាក់ឲ្យប្រើប្រាស់អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី នៅបណ្ឌិត្យសភានគរបាលកម្ពុជា

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានរាយការណ៍ជូនចំពោះសម្តេចក្រឡាហោម ស ខេង អំពីវឌ្ឍនភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺដោយសារតែមានការឧបត្ថម្ភគាំទ្រទាំងថវិកា

និងសម្ភារៈពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ការដឹកនាំបញ្ជាដោយផ្ទាល់របស់ សម្ដេចក្រឡាហោម និងការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តីទាំងអស់ របស់បណ្ឌិត្យសភា ព្រមទាំងការជួយឧបត្ថម្ភ

ពីសប្បុរសជននានាផងដែរ។ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធរឹងមួយទៀតគឺ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី បានបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់នេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម

ស ខេងឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកក្នុងការសាងសង់លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ។

អគារនេះសាងសង់ឡើងស្របតាមស្ដង់ដាអន្ដរជាតិ ដោយបំពាក់សម្ភារៈទំនើប ដើម្បីបម្រើដល់ការហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីរបស់និស្សិត សិក្ខាកាម និងសិស្សនគរបាល ដែលបានមកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ហើយចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់ កាលពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី លោកគ្រូអ្នកគ្រូនគរបាល ជាតិគ្រប់ផ្នែកទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបំពេញការងារលើកកម្ពស់ គុណភាពអប់រំ

និងបណ្តុះបណ្តាលសិស្ស និស្សិត សិក្ខាកាម ជាមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ និងចូលរួមត្រេកអរជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដែលសម្រេចបានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង ស្របតាមផែនការយុទ្ធសាស្រ្ត របស់ខ្លួន នៅពេលប្រទេសកម្ពុជាក៏ដូចជាពិភពលោក ជួបនូវវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល។

បន្ថែមពីនេះ សម្ដេចក្រឡាហោម លើកឡើងថា ការអប់រំបណ្ដុះបណ្ដាល ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព គឺជាការងារដែលត្រូវធ្វើប្រកបដោយនិរន្តរភាព ដើម្បីធ្វើឲ្យកងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារ មានចំណេះដឹង ជំនាញ

បទពិសោធន៍គ្រប់គ្រាន់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ដកស្រង់ពិ៖ Fresh News