បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រសប្ដាហ៍នេះ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន នៅថ្ងៃព្រឹកសុក្រ ទី ២៨ ខែតុលា ឆ្នាំ ២០២២ខាងមុខនេះ។

នេះបើតាមការឲ្យដឹងពីលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី ២៤ ខែតុលានេះ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលគ្រោងធ្វើនៅចុងសប្ដាហ៍នេះ នឹងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១-សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

២-សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។

៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥។

៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖

៤.១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មនៃអនុសញ្ញា ស្តីពី អាកាសចរស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា ៣ស្ទួន។

៤.២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញា ស្តីពី អាកាសចរស៊ីវិលអន្តរជាតិ។

៤.៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា ៥៦នៃអនុសញ្ញា ស្តីពី អាកាសចរស៊ីវិលអន្តរជាតិ៕

ដកស្រង់ពី៖ កម្ពុជាថ្មី