បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំពិសេ​ស រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីពិភាក្សា អំពីវិធីសាស្រ្ត ក្នុងការអនុវត្ត ឱ្យកាន់តែប្រសើរឡើង នូវកិច្ចព្រមព្រៀង ឯកច្ឆន្ទ ប្រាំចំណុច

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះ លោកឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សា អំពីវិធីសាស្រ្ត ក្នុងការអនុវត្ត ឱ្យកាន់តែប្រសើរឡើង នូវកិច្ចព្រមព្រៀងឯកច្ឆន្ទ ប្រាំចំណុច ( 5PC) ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន

កាលពីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និងដើម្បីស្នើជាអនុសាសន៍សម្រាប់ប្រមុខដឹកនាំអាស៊ាន ធ្វើការពិចារណា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១។

តំណាងកម្រិតមិនមែននយោបាយ របស់មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំនេះ ប៉ុន្តែពុំមានការឆ្លើយតបជាវិជ្ជមានពីមីយ៉ាន់ម៉ា នោះឡើយ។

កិច្ចប្រជុំ បានផ្លាស់ប្តូរទស្សនៈ យ៉ាងទូលំទូលាយ អំពីវិធីក្នុងការពង្រឹងការអនុវត្ត 5PC ដើម្បីជួយដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា តម្រូវការ ក្នុងការចាប់ផ្តើមឡើងវិញនូវ ទំនាក់ទំនងយ៉ាងពេញលេញ

និងជាប្រក្រតីរបស់មីយ៉ាន់ម៉ា ជាមួយអាស៊ាន សារៈសំខាន់ នៃការបន្តកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន ដោយពុំមានការរំខាន

និង មធ្យោបាយសម្របសម្រួល និងពន្លឿនការផ្តល់ជំនួយមនុស្សធម៌ ជូនដល់ប្រជាជន មីយ៉ាន់ម៉ា និងការបញ្ចប់ឱ្យបានឆាប់ នៃការវាយតម្លៃតម្រូវការរួម ដែលដឹកនាំដោយ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះ មហន្តរាយ (AHA Centre)។

ទន្ទឹមនឹងការបញ្ជាក់សាជាថ្មី អំពីសារៈសំខាន់នៃ 5PC ដែលសង្កត់ធ្ងន់លើមជ្ឈភាព អាស៊ាន និងតួនាទីនាំមុខ របស់អាស៊ាន ក្នុងការប្រគល់ ជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព និងប្រក្រតីភាពឡើងវិញ រដ្ឋមន្ត្រីការបរទេស

និងតំណាងប្រទេសសមាជិក អាស៊ាន ដែលបានចូលរួម ក្នុងកិច្ចប្រជុំនេះ បានរំលឹកឡើងវិញ នូវការគាំទ្រយ៉ាងពេញ ទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែង យ៉ាងមុតមាំរបស់កម្ពុជា

ក្នុងនាមជាប្រធានអាស៊ាន និង លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រេសិតពិសេស នៃប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា ក្នុងការអនុវត្តអាណត្តិរបស់ខ្លួន ក្នុងរយៈពេល ១០ខែ កន្លងមកនេះ។

កិច្ចប្រជុំ ក៏បានរំឮកដល់ទស្សនកិច្ចបើកផ្លូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់មីយ៉ាន់ម៉ា ដែលបានត្រួសត្រាយផ្លូវ សម្រាប់ដំណើរទស្សនកិច្ចទាំង ២ លើក របស់ប្រេសិតពិសេស។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាៈ លោកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញអាទិភាព ទាំង ៣ ដែលកម្ពុជាបានដាក់ចេញ តាំងពីការចាប់ផ្តើមតួនាទី ជាប្រធានអាស៊ានគឺ៖ (១) បញ្ឈប់ ឬកាត់បន្ថយអំពើហិង្សា

(២) សម្របសម្រួលផ្តល់ ជំនួយមនុស្សធម៌ និង (៣) បង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនា នយោបាយ រវាងភាគីពាក់ព័ន្ធ។

ជាការពិតណាស់ ស្ថានការណ៍ជាក់ស្តែង នៅតែមានភាពដុនដាប និងផុយស្រួយ ហើយនេះ មិនមែនដោយសារកង្វះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អាស៊ាន និងប្រេសិតពិសេសនោះទេ ប៉ុន្តែដោយសារតែភាពស្មុគស្មាញ និងភាពលំបាកនៃជម្លោះ អូសបន្លាយ រាប់ទសវត្សរ៍របស់មីយ៉ាន់ម៉ា ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ដោយវិបត្តិនយោបាយ បច្ចុប្បន្ន។

ទោះបីជាមានបញ្ហាប្រឈមចម្បងទាំងនេះយ៉ាងណាក្តី ក៏អង្គប្រជុំបានឯកភាព ថា អាស៊ានមិនគួរបាក់ទឹកចិត្ត ហើយគួរតែបង្កើនការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីជួយ មីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ឱ្យបានឆាប់បំផុត។

លើសពីនេះ អង្គប្រជុំ បានឯកភាពជាឯកច្ឆន្ទថា ការសម្រេចចិត្តក្នុងអាស៊ាន ត្រូវផ្អែកលើ ការពិគ្រោះយោបល់ និងកុងសង់ស៊ីស ហើយគោលការណ៍ជាមូលដ្ឋាន ដែលមានចែង ក្នុងធម្មនុញ្ញអាស៊ាន ត្រូវតែជាវិធីសាស្រ្តនាំផ្លូវ ដល់កិច្ចខិតខំប្រឹងប្រែងរួម របស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេស និងអ្នកតំណាង ដែលមានវត្តមាន នៅក្នុងកិច្ចប្រជុំនេះ ក៏បានអះអាងសាជាថ្មី អំពីសារៈសំខាន់ និងភាពចាំបាច់នៃ 5PC ហើយបានគូសបញ្ជាក់ ពីតម្រូវការក្នុងការពង្រឹងការអនុវត្ត 5PC បន្ថែមទៀត តាមរយៈសកម្មភាព ដែលមានកំណត់ពេលវេលាជាក់លាក់មានភាពជាក់សែ្តង និងអនុវត្តបាន។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាៈ គួរតែដល់ពេលដែលយើងត្រូវធ្វើសកម្មភាព ជាក់ស្តែង ហើយអាស៊ាន ត្រូវចាប់ផ្តើមសកម្មភាពរួមគ្នា ដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ ប្រជាជនមីយ៉ាន់ម៉ា ជាស្នូល។

កិច្ចប្រជុំ ក៏បានទទួលស្គាល់ថា ភាគីពាក់ព័ន្ធទាំងអស់ នៅមីយ៉ាន់ម៉ា សុទ្ធតែមានចំណែក ក្នុងការបញ្ចប់ ឬធ្វើឱ្យវិបត្តិនយោបាយ បច្ចុប្បន្ន កាន់តែធ្ងន់ធ្ងរ ដែលបានបណ្តាលឱ្យ បាត់បង់ជីវិតមនុស្សជាច្រើននាក់ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ

ដល់ប្រទេសមីយ៉ាន់ម៉ា និងបង្កផលប៉ះពាល់ យូរអង្វែងដល់សេដ្ឋកិច្ច ហើយវាមានភាពចាំបាច់ និងបន្ទាន់ដែលដំណើរការ នៃការសន្ទនា ត្រូវតែចាប់ផ្តើមឱ្យបានឆាប់បំផុត តាមដែលអាចធ្វើ ទៅបាន។

ដើម្បីធានាបាននូវការអនុវត្ត 5PC ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងការបញ្ចប់ ឲ្យបានឆាប់នូវវិបត្តិនយោបាយបច្ចុប្បន្ន

ក្នុងប្រទេសមីយ៉ាន់ម៉ា អង្គប្រជុំ ក៏បានពិភាក្សា អំពីអនុសាសន៍គន្លឹះ ដែលត្រូវដាក់ជូនប្រមុខដឹកនាំអាស៊ាន ពិចារណា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី ៤១ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា