បណ្តាញសង្គម

ក្រសួងមហាផ្ទៃ ៖ ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀន ឃុំ-សង្កាត់ ក្នុងដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ភ្នំពេញៈ ក្រសួងមហាផ្ទៃ នៅថ្ងទី២៨ ខែតុលា ឆ្នាំ២០២២ នេះ បានជម្រាបជូនអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត តាមរយៈលិខិតមួយច្បាប់ដែលមាន កម្មវត្ថុ ស្តីពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ ក្នុងដំណើរការពិនិត្យ បញ្ជីឈ្មោះ

និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដោយយោងតាមប្រតិទិន នៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ និង លិខិតជូនដំណឹងរបស់ គណៈកម្មា ធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) គឺការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ ។

ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ប្រព្រឹត្តទៅដោយ រលូន និងទទួលបានលទ្ធផលជោគជ័យតាមផែនការ របស់ គ.ជ.ប. ក្រសួងមហាផ្ទៃ បានសូមស្នើអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំ និងអនុវត្តកិច្ចការ មួយចំនួន ដូចខាងក្រោម៖

១-ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានកំណត់។

២-ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវតែមានវត្តមានជាប្រចាំ ដើម្បីចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ លើកលែងតែមានធុរៈចាំបាច់បំផុត ឬមានបញ្ហាសុខភាព ដែលមិនអាចបំពេញការងារបាន។

ករណីស្មៀនឃុំ សង្កាត់ អវត្តមាន មិនអាចបំពេញការងារបាន សាមីខ្លួន ត្រូវរាយការណ៍ ជូនមេឃុំ ចៅសង្កាត់ និងត្រូវស្នើស៊ីច្បាប់ ឈប់សម្រាក ស្របតាមគោលការណ៍ បែបបទ

និងនីតិវិធី ដែលបានកំណត់។ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្របសម្រួល និងចាត់តាំង មន្ត្រី នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ០១ រូប ដើម្បីបំពេញការងារ ពាក់ព័ន្ធការពិនិត្យបញ្ជីឈ្មោះ

និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជំនួសស្មៀនឃុំ សង្កាត់ ដែលអវត្តមាន ឬមិនទាន់មាន ស្មៀនឃុំ សង្កាត់ ដើម្បីធានានិរន្តរភាពការងារនេះ។

៣-ចំពោះការរៀបចំកិច្ចប្រជុំ និងការបណ្ដុះបណ្តាលនានា ដែលត្រូវអញ្ជើញស្មៀនឃុំ សង្កាត់ចូលរួម រដ្ឋបាលរាជធានី ខេត្ត ត្រូវពិនិត្យលទ្ធភាពពន្យារពេល ឲ្យផុតរយៈពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២៕

ដកស្រង់ពី៖ រស្មីកម្ពុជា