បណ្តាញសង្គម

តាមគម្រោង, សម្ដេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន ល្ងាចនេះ

បើគ្មានអ្វីប្រែប្រួលនោះទេ នៅល្ងាចម៉ោង ៤ ថ្ងៃទី ១ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។សម្ដេចតេជោ ហ៊ុន សែន

បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកានេះថា តាមគម្រោងជំនួបនេះ នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រវាងកម្ពុជាជាមួយអ៊ុយក្រែន ផង និងទំនាក់ទំនងរវាងអាស៊ានជាមួយអ៊ុយក្រែន ផង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយល្ងាចនេះ ម៉ោង ៤ល្ងាច ត្រូវនឹងម៉ោង ១១ ម៉ោងនៅទីក្រុងកៀវ ខ្ញុំនឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន ទាក់ទិននឹងទំនាក់ទំនងទ្វេភាគីផង ហើយទាក់ទងជាមួយនឹងទំនាក់ទំនងរវាងអ៊ុយក្រែន

ជាមួយនឹងអាស៊ានផង»។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា នៅថ្ងៃនេះ ក៏មាននិស្សិតជនជាតិអ៊ុយក្រែនម្នាក់ ទទួលបានសញ្ញាបត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកថា អ៊ុយក្រែន ក៏ធ្លាប់បានជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា កាលជំនាន់អតីតសហភាពសូវៀត ដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «ហើយនៅទីនេះ មាននិស្សិតអ៊ុយក្រែនម្នាក់នៅជាមួយយើងផងដែរ ហើយកាលពីមុននោះ អ៊ុយក្រែន ក៏បានជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា

ជំនាន់អតីតសហភាពសូវៀតផងដែរ ក្នុងហ្នឹងរាប់ទាំងមន្ត្រីកងទ័ពជើងទឹករបស់យើង ដែលរៀននៅគ្រីមៀរ កាលពីពេលនោះ»៕

ដកស្រង់ពី៖ កម្ពុជាថ្មី