បណ្តាញសង្គម

ការពន្លឿនឌីជីថល នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការអប់រំ ជាការបង្ខិតបច្ចេកវិទ្យាអប់រំឱ្យបានដល់ដៃសិស្សានុសិស្ស

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា៖ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ដើម្បីជម្រុញការអប់រំផ្នែកឌីជីថលដល់សិស្សានុសិស្ស។

គួរបញ្ជាក់ថាមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ដែលមានទីតាំងស្ថិតនៅបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញត្រូវបានសម្ពោដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ ២០២២។

តាមរយៈទំព័រហ្វេសប៊ុកក្រសួងអប់រំបានឱ្យដឹងថា៖ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

និងហិរញ្ញវត្ថុ ព្រមទាំងវត្តមាន លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ មន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដៃគូពាក់ព័ន្ធជាច្រើនរូបដែលបានចូលរួមដោយផ្ទាល់ និងវត្តមាន អគ្គលេខាធិការអាស៊ាន ដែលបានចូលរួមតាមរយៈវីដេអូ Conference។

ក្នុងឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា៖ការសម្ពោធមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល បានឆ្លុះបង្ហាញយ៉ាងប្រត្យក្សនូវកិច្ចខិតខំប្រឹងប្រែង

និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនបរិវត្តកម្មឌីជីថល នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការអប់រំ ការបង្ខិតបច្ចេកវិទ្យាអប់រំឱ្យបានដល់ដៃសិស្សានុសិស្ស ការច្បាមយកកាលានុវត្តភាពនៃនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាសម្រាប់ការអប់រំ

និងការជំរុញភាពឈានមុខរបស់កម្ពុជានៅក្នុងកម្រិតតំបន់លើដំណើរសមាហរណកម្មនៃបច្ចេកវិទ្យាអប់រំ។ លោកបានថ្លែងដែរថា” វិស័យឌីជីថលកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការបង្កើនផលិតភាព ជំរុញពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ សំដៅជំរុញវឌ្ឍនភាពសង្គម

សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនថែមទៀត ព្រមទំាំងបាន និងកំពុងផ្លាស់ប្តូរទម្លាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សកាន់តែប្រសើរឡើង”។

ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច

និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាលពីឆ្នាំ២០២១ ដែលជាក្របខណ្ឌរួម និងជាផែនទីចង្អុលផ្លូវក្នុងគោលដៅជំរុញដំណើការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់តួអង្គក្នុងសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាទាំងមូល៕

ដកស្រង់ពី៖ រស្មីកម្ពុជា