បណ្តាញសង្គម

អ្នក សម្រប សម្រួល ថ្មី របស់ អង្គការ សហ ប្រជាជាតិចាប់ផ្តើមការងារនៅកម្ពុជា

ភ្នំពេញៈ បន្ទាប់ពីទទួលបានការតែងតាំងពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឋានៈ ជា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា លោក ចូសែហ្វ សូយ័រ សញ្ជាតិលុច្សសំបួរ បានប្រគល់សារតាំងជូន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី

និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងខណៈដែលលោកបានចូលកាន់តួនាទីរបស់លោកជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ក្នុងជំនួបសវនាការនេះ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្តែងការកោតសរសើរចំពោះភាពជាដៃគូដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានពិភាក្សាគ្នាអំពីឱកាសនាពេលអនាគតក្នុងបរិបទ នៃការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពថ្មី របស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២៤-២០២៨។

លោក សូយ័រ ក៏បានទទួលស្គាល់ និងកោតសរសើរផងដែរចំពោះការរួមចំណែករបស់ប្រទេសកម្ពុជានៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ ២០០៦។

លោកបានមានប្រសាសន៍«ខ្ញុំទន្ទឹងរង់ចាំ សហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានានៅក្នុងការរៀបចំ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីរបស់អង្គការសហប្រជាជាតិជាមួយប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៤-២០២៨ ដើម្បីជួយគាំទ្រឲ្យប្រទេសនេះ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

តាមរយៈកិច្ចសហប្រតិបត្តិការរបស់យើង យើងនឹងផ្តោតលើវិស័យអាទិភាពសំខាន់ៗមួយចំនួន ដែលឥទ្ធិពលជាវិជ្ជមាន ដូចជា ការអភិវឌ្ឍមូលធនមនុស្ស ការដោះស្រាយបញ្ហាវិសមភាព សេដ្ឋកិច្ចបៃតង និងការផ្លាស់ប្តូរបែបឌីជីថល ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ និងធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល» ។

ក្រុមគ្រួសារអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា រួមមានភ្នាក់ងារមូលនិធិ និងកម្មវិធីចំនួនជាង ២០ ហើយ អស់រយៈពេលជាងបីទសវត្សរ៍មកនេះ

អង្គការសហប្រជាជាតិនៅកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងប្រជាជនកម្ពុជា ដើម្បីចូលរួម ការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រឹងភាពធន់ និរន្តរភាពសន្តិភាព និងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា៕

ដកស្រង់ពី៖ រស្មីកម្ពុជា