បណ្តាញសង្គម

តើឧបនាយករដ្ឋមន្ត្រី ១០រូប នៃរាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចទទួលខុសត្រូវលើការងារអ្វីខ្លះ?

នៅអំឡុងឆ្នាំ២០២៣ ខាងមុខ កម្ពុជា នឹងត្រៀមរៀបចំការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។

បើគិតមកដល់ឆ្នាំ២០២២នេះ ដែលជាចុងអាណត្តិទី៦ គឺរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការផ្លាស់ប្ដូរតំណែងសមាជិករបស់ខ្លួនមួយចំនួនមុនអាណត្តិ។ ប៉ុន្តែ សម្រាប់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី គឺនៅរក្សាចំនួន ១០រូបដដែល។ តើឧបនាយករដ្ឋមន្រ្តី ១០រូប ដែលជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចទទួលខុសត្រូវលើការងារអ្វីខ្លះ?

១/ សម្ដេចក្រឡាហោម ស ខេង សម្ដេចក្រឡាហោម ស ខេង ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី នៅពេលសម្ដេចតេជោនាយករដ្ឋមន្ត្រីអវត្តមាន។

សម្ដេចក្រឡាហោម ទទួលភារកិច្ចលើការងារសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការដឹកនាំប្រតិបត្តិការទប់ស្កាត់ និងប្រឆាំងភេរវកម្ម

ការងារគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការបំផ្លាញចោលអាវុធ ការងារភូមិឃុំសង្កាត់មានសុវត្ថិភាព និងទទួលខុសត្រូវលើក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

២/ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចពិជ័យសេនា ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើការងារការពារជាតិ ហើយទទួលបានសិទ្ធិបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សម្ដេចពិជ័យសេនា ក៏មានភារកិច្ចដឹកនាំកិច្ចការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងទទួលបានសិទ្ធិពីសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីបញ្ជាអង្គភាពពិសេសប្រឆាំងភេរវកម្ម នៅពេលសម្ដេចនាយករដ្ឋមន្ត្រីអវត្តមាន។

៣/ លោក ហោ ណាំហុង លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកផ្ដល់យោបល់ជូនសម្ដេចតេជោ ហ៊ុន សែន អំពីក្របខណ្ឌគោលនយោបាយក្រៅប្រទេស ហើយទទួលសិទ្ធិពីសម្ដេចនាយករដ្ឋមន្ត្រីក្នុងការពិនិត្យសម្រេចលើសំណើស្មុំកូន និងការសុំលាសញ្ជាតិ។

៤/ លោកស្រី ម៉ែន សំអន លោកស្រី ម៉ែន សំអន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយសម្ដេចតេជោ ហ៊ុន សែន លើការងារអធិការកិច្ច និងសវនកម្ម ព្រមទាំងការងារសង្គម។

៥/ លោក ប៊ិន ឈិន លោក ប៊ិន ឈិន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការ ដោយទទួលសម្របសម្រួលកិច្ចការសម្រាប់គណៈរដ្ឋមន្ត្រី សម្ដេចនាយករដ្ឋមន្ត្រី និងបណ្ដាឧបនាយករដ្ឋមន្ត្រី។

លោក ប៊ិន ឈិន មានភារកិច្ចតាមដានសម្របសម្រួលដំណើរការតុលាការខ្មែរក្រហម ដឹកនាំក្រុមប្រឹក្សាអ្នកច្បាប់ ជួយរៀបចំចម្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា និងដោះស្រាយការងារប្រចាំថ្ងៃជំនួសសម្ដេចតេជោ។

បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏ទទួលជួយពិនិត្យ និងសម្រេចលើការងារច្រកចេញចូលតែមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ។

៦/ លោក យឹម ឆៃលី លោក យឹម ឆៃលី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

លោក យឹម ឆៃលី ក៏ទទួលដឹកនាំការសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

៧/ លោក កែ គឹមយ៉ាន លោក កែ គឹមយ៉ាន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាដឹកនាំដោយផ្ទាល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

៨/ លោក ប្រាក់ សុខុន លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើការងារការបរទេស និងការសម្របសម្រួលការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

៩/ លោក អូន ព័ន្ធមុនីរ័ត្ន លោក អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយទទួលជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

១០/ លោក ជា សុផារ៉ា លោក ជា សុផារ៉ា ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំផ្ទាល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីទាំង ១០រូបខាងលើនេះ ក៏ត្រូវទទួលភារកិច្ចការងារផ្សេងៗទៀត តាមការប្រគល់ជូនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី