បណ្តាញសង្គម

កម្ពុជាប្តេជ្ញាមិនធ្វើទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គដាច់ខាត

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានអះអាងពីការប្តេជ្ញាយ៉ាងមុឺងម៉ាត់ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានដាក់ការប្តេជ្ញាផ្លូវការមួយទៅអន្តរជាតិថា

“កម្ពុជាប្តេជ្ញាមិនធ្វើទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គដាច់ខាត” ព្រោះតែមើលឃើញ ពីអត្ថប្រយោជន៍ដ៏ធំ របស់ជីវចម្រុះក្នុងទន្លេមេគង្គ ដល់ពលរដ្ឋកម្ពុជារាប់លាននាក់។

ក្នុងវេទិកាសន្ទនាជាន់ខ្ពស់មួយ ដែលរៀបចំឡើងដោយអគ្គរាជទូតអូស្ត្រាលី និងមន្ទីរពិសោធន៍ថាមពល Energy Lab កាលពីថ្ងៃទី២៥ ខែតុលា លោកបានមានប្រសាសន៍ ពីមូលហេតុដែលលោកបេជ្ញាបែបនេះ គឺព្រោះតែចង់រក្សាប្រព័ន្ធអេកូឡូសុីរបស់ទន្លេសាប និងការធ្វើនាវាចររបស់ដងទន្លេមេគង្គ

។ ម៉្យាងវិញទៀត ដោយសារតែមើលឃើញថា ប្រជាជនកម្ពុជារាប់លាននាក់ កំពុងរំពឹងលើប្រូតេអុីនចេញពីត្រីដ៏សម្បូរបែបក្នុងទន្លេមេគង្គ។លោកបានគូសបញ្ជាក់ថា ទន្លេសាបក្នុងខេត្តស្ទឹងត្រែង អាចផ្តល់ថាមពលឱ្យកម្ពុជារហូតដល់ ៨០០MW

– ១០០០MW ឯណោះ បើសិនជាកម្ពុជាមានបំណងចង់ធ្វើវារីអគ្គសនី នៅក្នុងខេត្តនោះ ប៉ុន្តែទោះជាយ៉ាងណា លោកបានបញ្ជាក់ពីការប្តជ្ញាហើយថា មិនធ្វើតាមដងទន្លេសាបឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាទទួលបានថាមពលជាង ៤០% ពីវារីអគ្គិសនីកំចាយ (គម្រោងធំទី១) ដែលផលិតថាមពលបាន ១៩៣,២មេហ្គាវ៉ាត់; អាតៃ ១២០មេហ្គាវ៉ាត់;

ឬស្សីជ្រុំក្រោម(កោះកុង) ៣៣៨មេហ្គាវ៉ាត់; តាតៃ ២៤៦មេហ្គាវ៉ាត់; សេសាន ៤០០មេហ្គាវ៉ាត់; គិរីរម្យ៣ ១៨មេហ្កាវ៉ាត់ និងវារីអគ្គសនីស្តារឡើងវិញគីរីរម្យ១ ដែលមានអានុភាពផលិតថាមពល ១២មេហ្កាវ៉ាត់៕

ដកស្រង់ពី៖ កម្ពុជាថ្មី