បណ្តាញសង្គម

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជំរុញ​គ្រប់​អង្គភាព​ចំណុះ​ក្រសួង អនុវត្ត​ឱ្យបាន​សម្រេច​នូវ​ការងារ ជា​អាទិភាព​ចំនួន​៨

ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ បានបិទបញ្ចប់កាលពីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការបម្រើជាតិមាតុភូមិ ក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ រយៈពេល ២ ថ្ងៃមកនេះ ក៏ដូចជា សិក្ខាសាលាបច្ចេកទេសនានា លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ

” យើងក៏បានរកឃើញផងដែរ នូវបញ្ហាប្រឈម កាលានុវត្តភាព និងមេរៀនដកពិសោធន៍ល្អៗ ក៏ដូចជាសំណូមពរ និងអនុសាសន៍នានា ដែលជាធាតុចូលដ៏មានសារសំខាន់ សម្រាប់រៀបចំគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងការដាក់ចេញ នូវទិសដៅការងារ សម្រាប់អនុវត្តបន្ត ឱ្

យមានលក្ខណៈ គ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា និងឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាព ជាក់ស្តែងរបស់កម្ពុជា ក៏ដូចជា និន្នាការពិភពលោក សំដៅសម្រេចបានសមិទ្ធផលថ្មីៗ

បន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ដោយចីរភាពនៅកម្ពុជា”។ឆ្លើយតបទៅនឹងលទ្ធផល នៃសន្និបាតនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ

យ៉ាងពេញទំហឹង និងសូមលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស ទាំងអស់ ឱ្យបន្តខិតខំអនុវត្ត ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត នូវតួនាទី ភារកិច្ច របស់ខ្លួន

និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ និងការច្នៃប្រឌិតខ្ពស់ ព្រមទាំងបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ

ឱ្យកាន់តែជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចឱ្យ បានជោគជ័យថ្មីៗ បន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម និងគោលបំណងជា យុទ្ធសាស្ត្ររបស់យើង ពោលគឺ

ធានានូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។ទាក់ទិនក្នុងរឿងនេះដែរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យគ្រប់អង្គភាពចំណុះ ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍

ដោយចីរភាព សូមបន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ជាពិសេសក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារ ជាអាទិភាព មួយចំនួន ដូចខាងក្រោម៖

(១.) បន្តពង្រឹងរដ្ឋបាលទំនើប និងពង្រីកហិរញ្ញវត្ថុដោយចីរភាព ឱ្យឆ្លើយតបសមស្រប ទៅនឹងបរិបទសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា អាទិភាពបរិស្ថានជាតិ ក៏ដូចជានិន្នាការសកល។

(២) បន្តពង្រឹងនិងសម្រួចគោលនយោបាយ និងយុទ្ធសាស្ត្រ ឱ្យបានសមស្រប និងអាចអនុវត្តបានជាពិសេសេ ក្នុងការឆ្លើយតបទៅនឹងអាទិភាព នៃការងារប្រែប្រួល អាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍបញ្ចេញកាបូនទាប និងប្រកបដោយ ចីរភាព។

(៣) បន្តពង្រឹងកិច្ចគាំពារបរិស្ថាន ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ និងភូមិឋានស្អាត ដែលជាមូលដ្ឋានទ្រទ្រង់ជីវភាព និងសុខភាពសាធារណៈល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ គ្រប់រូប និងគ្រប់ជំនាន់។

(៤) បន្តពង្រឹងការគ្រប់គ្រង តំបន់ការពារធម្មជាតិ ដើម្បីរក្សាបាននូវភាពសម្បូរបែប នៃធនធានធម្មជាតិ និងជីវៈចម្រុះ មុខងារសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ដោយចីរភាព។

(៥) បន្តអភិវឌ្ឍសហគមន៍មូលដ្ឋាន ឱ្យក្លាយជាខ្សែក្រវាត់ ការពារធនធានធម្មជាតិ និងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន

(៦) បន្តជំរុញការងារអប់រំ បរិស្ថាន ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋ ចំពោះបរិស្ថាន, ស្មារតី «កម្ពុជា មាតុភូមិខ្ញុំ» ព្រមទាំងរឹតចំណង ជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ។

(៧) បន្តជំរុញកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងអន្តរជាតិ និងការទូតបរិស្ថាន ក្នុងឧត្តមប្រយោជន៍កម្ពុជា។

(៨) បន្តជំរុញការងារយេនឌ័រ យុវជន ស្ត្រី និងកុមារ ដើម្បីធានាបាននូវវិបុលភាព បរិយាប័ន្ន និងសុខដុមនីយកម្មសង្គម៕/

ដកស្រង់ពី៖ រស្មីកម្ពុជា