បណ្តាញសង្គម

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងបានអនុម័តកំណត់បន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ទៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានរបៀបវារៈចំនួន៤

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ទៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានរបៀបវារៈ ចំនួន៤រួមមាន៖

*ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

*ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

*ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

*ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន

- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ

- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ៕