បណ្តាញសង្គម

សារ​ពិសេស​ជូនជនរួមជាតិ៖ ថ្ងៃទី២នេះ សុខភាពសម្តេចល្អធម្មតា ទទួលទាន- សម្រាកបានធម្មតា តែសម្តេច បកស្រាយឱ្យច្បាស់​ពីការមិនបញ្ជូន​តំណាងចូលរួម​កិច្ចប្រជុំ​G20 និង​APEC

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាថ្ងៃទី២ ដែលសម្តេចតេជោ ហ៊ុន សែន បានឆ្លងកូវីដ១៩។

សម្តេចតេជោ ក៏បានចេញសារជាសំឡេងលើកទី២ ជូនជនរួមជាតិ ដែលមានរយៈពេលជាង ៦នាទី។ សម្តេចតេជោ ជម្រាបជូនជនរួមជាតិថា សុខភាពរបស់សម្តេច នៅបន្តល្អជាធម្មតា សម្តេចទទួលទានក៏បាន ហើយសម្រាកក៏បានធម្មតា។

ប៉ុន្តែសម្តេចតេជោ បានបកស្រាយឱ្យច្បាស់ជូនជនរួមជាតិ ពីមូលហេតុ ដែលកម្ពុជា មិនបញ្ជូនតំណាង ដើម្បីចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅប្រទេសថៃ។

ជាដំបូង សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីស្ថានភាពសុខភាពរបស់សម្តេច នាពេលនេះ គឺសម្តេចមានសុខភាពល្អធម្មតា មិនមានអ្វីគួរឱ្យកត់សម្គាល់ទេ។ សម្តេចទទួលទាន និងសម្រាកបានធម្មតា។

អ្វីដែលធ្វើឱ្យសម្តេច កាន់តែសប្បាយរីករាយទៀតនោះ គឺមេដឹកនាំនានា ដែលចាកចេញពីកម្ពុជា ទៅចូលរួមកិច្ចប្រជុំ G20 ក៏ដូចជា វិលត្រឡប់ទៅប្រទេសវិញ ពុំមាននរណាម្នាក់ ឆ្លងកូវីដពីកម្ពុជានោះទេ។

ដូច្នេះសម្តេចតេជោ ហ៊ុន សែន លើកឡើងថា នេះអាចបញ្ជាក់បានថា កម្ពុជាបានទទួលភ្ញៀវដោយសុវត្ថិភាព ទាំងសន្តិសុខ ទាំងបញ្ហាទាក់ទងជំងឺឆ្លង ក៏ដូចជាបរិយាកាសដទៃទៀត ដែលផ្តល់ជាអំណោយផល សម្រាប់កម្ពុជាទទួលបានជោគជ័យ នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ជាមួយនឹងការលើកឡើងខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបកស្រាយជូនជនរួមជាតិឱ្យបានយល់ច្បាស់ អំពីការលើកឡើងថា ហេតុអ្វីបានជាសម្តេច ឆ្លងកូវីដតែឯង តែមិនទុកសមាជិកដទៃទៀត ឱ្យចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី? ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនថា កម្ពុជាមិនមែនជាប្រទេសសមាជិក G20 នោះទេ។

បើយើងជាសមាជិក G20 យើងមានសិទ្ធិតែងតាំងថ្នាក់រដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រី ណា ជាតំណាងរបស់យើង។ តែនៅឥណ្ឌូនេស៊ី ក៏ដូចជានៅបាងកក ដែលរៀបចំកិច្ចប្រជុំ APEC ប្រទេសយើង គឺត្រូវបានអញ្ជើញចំឈ្មោះប្រធានអាស៊ានតែម្តង គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដូច្នេះដើម្បីធានាការប្រព្រឹត្តទៅបានល្អនៃកិច្ចប្រជុំនៅឥណ្ឌូនេស៊ី កម្ពុជាបានធ្វើកាសម្របសម្រួល ជាមួយឥណ្ឌូនេស៊ី ដែលបានទទួលញញួរជាប្រធានស៊ានរួចហើយនោះ គឺប្រគល់ជូនឥណ្ឌូនេស៊ី គ្រប់គ្រងការងារជាប្រធានអាស៊ានតែម្តង ពីព្រោះយើងមិនមានសិទ្ធិចាត់តាំងនរណា ជំនួសឱ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ។

ម្យ៉ាងទៀត ដោយសារតែការធ្វើដំណើរតាមយន្តហោះតែមួយជាមួយគ្នា ជាង ៤០នាក់ ទោះគ្មាននរណា កើតកូវីដក៏ដោយ ក៏ប៉ុន្តែបើសិនជាមានបុគ្គលណាមួយ ឧបនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីណាម្នាក់ ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រជុំ វាពិតជាផ្តល់កង្វល់សម្រាប់ម្ចាស់ផ្ទះ គឺឥណ្ឌូនេស៊ី។

ដូច្នេះហើយ ទើបសម្តេច សម្រេចចិត្តដឹកនាំគណៈប្រតិភូទាំងអស់ វិលត្រឡប់មកកម្ពុជាវិញ ហើយប្រគល់ឋានៈឱ្យឥណ្ឌូនេស៊ី ជាប្រធានអាស៊ានតែម្តង។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា យើងមិនមានសិទ្ធិតែងតាំងតំណាងទេ ព្រោះយើងមិនមែនជាសមាជិក G20។ នៅបាងកក ក៏យើងបានសួរទៅម្ចាស់ផ្ទះ ថាចាត់តាំងតំណាង បានឬទេ? តែម្ចាស់ផ្ទះ តបថា នេះជាការអញ្ជើញប្រធានអាស៊ាន ដូច្នេះមិនមានការចាំបាច់ នឹងចាត់តាំងតំណាង ទៅចូលរួមនោះទេ។

ត្រង់នេះហើយ ដែលសម្តេចតេជោ បានគូសបញ្ជាក់ជូនជនរួមជាតិថា គឺក្នុងឋានៈយើងជាប្រធានអាស៊ាន គឺត្រូវបានអញ្ជើញ ចំឈ្មោះ គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២២។ គេមិនមែនអញ្ជើញព្រះរាជាណាចក្រកម្ពុជាទេ។

ពិតមែនតែកម្ពុជា ជាប្រធានអាស៊ាន តែយើងទៅ គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានអាស៊ានតែម្តង។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញទៅដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ ប៉ុន្តែលទ្ធផលតេស្តរហ័សរកកូវីដ១៩ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា បង្ហាញថា សម្តេចវិជ្ជមានកូវីដ១៩។

ដូច្នេះហើយ បានជាសម្តេច ត្រូវដឹកនាំគណៈប្រតិភូកម្ពុជា វិលត្រឡប់មកកាន់មាតុប្រទេសវិញ ដែលមកដល់ភ្នំពេញ នៅព្រលប់ថ្ងៃទី១៥វិច្ឆិកា។

យ៉ាងណាក៏ដោយ សុខភាពរបស់សម្តេចតេជោ ហ៊ុន សែន នៅល្អធម្មតា ហើយសម្តេច បន្តធ្វើការងារពីផ្ទះរបស់សម្តេច នៅតាខ្មៅ ខេត្តកណ្តាល។

ដោយឡែក ប្រតិភូប្រមាណ ៤០នាក់ ដែលទៅតាមសម្តេចតេជោ ហ៊ុន សែន តាមយន្តហោះតែមួយ ត្រូវបានធ្វើតេស្ត ពេលវិលត្រឡប់មកដល់ភ្នំពេញ ហើយលទ្ធផល មិនមាននរណាម្នាក់ ឆ្លងកូវីដ១៩ ឡើយ៕

ដកស្រង់ពី៖ កោះសន្តិភាព