បណ្តាញសង្គម

អាជ្ញាធរមីន នឹងរៀបចំតាំងពិព័រណ៍ខួប ៣០ ឆ្នាំ នៃសកម្មភាពមីន នៅកម្ពុជា

ភ្នំពេញ៖ អាជ្ញាធរមីន នឹងរៀបចំតាំងពិព័រណ៍ ខួប ៣០ ឆ្នាំ នៃសកម្មភាពមីន នៅកម្ពុជា រយៈពេលពីរថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី ២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២។

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន សហការជាមួយ ប្រតិបត្តិករសកម្មភាពមីនជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល

សរុបចំនួន ២១ ស្ថាប័ន នឹងមានការរៀបចំ ការតាំងពិព័រណ៍ ជាសាធារណៈ នូវខួប ៣០ ឆ្នាំ នៃសកម្មភាពមីន នៅកម្ពុជា សម្រាប់រយៈពេល ពីរថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាត

និងពិព័រណ៍កោះពេជ្រ ដោយមានស្តង់ ចំនួន ៥២ ដាក់តាំងបង្ហាញ។ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នឹងអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកពិព័រណ៍ជាផ្លូវការ

នៅព្រឹកវេលាម៉ោង ០៩:០០ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានការចូលរួម អបអរសាទរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសិស្សានុសិស្ស ប្រមាណ ៣០០ នាក់ផងដែរ។ ការតាំងពិព័រណ៍នេះ

នឹងអនុញ្ញាតឲ្យចូលរួម ទស្សនាដោយសេរី និងមានដាក់តាំងបង្ហាញពី សមិទ្ធផលសកម្មភាពមីន រយៈពេល ៣០ ឆ្នាំ ឧបករណ៍ ម៉ាស៊ីនគ្រឿងចក្របោសសម្អាតមីន

ការបង្ហាញការដោះមីនដោយដៃ ព្រមទាំងការប្រើប្រាស់ ប្រព័ន្ធហិតរកមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ដោយសត្វ (សុនខ និងកណ្តុរ)។

បន្ថែមលើនេះ ក៏មានការបង្ហាញពីកិច្ចសង្គ្រោះ ជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ ការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិ ផ្ទុះពីសង្រ្គាម៕

ដកស្រង់ពី៖ រស្មីកម្ពុជា