បណ្តាញសង្គម

ប្រធានរដ្ឋសភាវៀតណាមនឹងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា៥ថ្ងៃ

រាជធានីភ្នំពេញ ៖ លោក វឿង ឌីញ ហ្វ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។ការអញ្ជើញនេះ តបតាមការអញ្ជើញរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា នាពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងកំឡុងពេលទស្សនកិច្ចនេះលោក វឿង ឌីញ ហ្វ នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។លោក វឿង ឌីញ ហ្វ ក៏នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ លើសពីនេះ លោក វឿង ឌីញ ហ្វ ប្រធានរដ្ឋសភាវៀតណាមនឹងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលត្រូវបានកំណត់ជា«ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»។

នៅក្រោយជំនួបភាគីទាំងពីរនឹងអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាទាំងពីរកម្ពុជា-វៀតណាម និងរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។ជាងនេះទៅទៀត ក្នុងដំណើរទស្សនកិច្ចនេះដែរ

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌលព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាព កម្ពុជា-វៀតណាម៕

ដកស្រង់ពី៖ កោះសន្តិភាព